ពិភពលោកត្រៀមខ្លួនឆ្លើយតបនឹងវិធានការពន្ធរថយន្តដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី ត្រាំ
វ៉ាស៊ីនតោន៖ បណ្តាប្រទេស និងអង្គការសេដ្ឋកិច្ចធំៗ ដែលសេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញរថយន្តទៅកាន់ទីផ្សារអាមេរិក បានចេញប្រតិកម្មយ៉ាងខ្លាំងចំពោះវិធានការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធចំនួន២៥% លើការនាំចូលរថយន្ត និងរថយន្តដឹកទំនិញខ្នាតតូច។
សហភាពអឺរ៉ុប (EU) បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសនេះ
ដោយប្រធានគណៈកម្មការ លោកស្រី អ៊ុរសូឡា វ៉ន ដឺ ឡេយ៉ិន បានសង្កត់ធ្ងន់ថា
សហភាពអឺរ៉ុបកំពុងពិចារណាលើគ្រប់ជម្រើសទាំងអស់
ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ មិនខុសគ្នានោះទេ
ប្រទេសកាណាដាបានចាត់ទុកចំណាត់ការនេះថាជា «ការវាយប្រហារដោយផ្ទាល់»
លើសេដ្ឋកិច្ចរបស់ខ្លួន
ប៉ុន្តែបានប្តេជ្ញាថានឹងរួបរួមគ្នាដើម្បីជំនះឧបសគ្គនេះ។ ចំណែកប្រទេសប្រេស៊ីលវិញ
ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ
ដោយចាត់ទុកទង្វើនេះថាជាការរំលោភលើគោលការណ៍នៃពាណិជ្ជកម្មសេរី។
រដ្ឋាភិបាលជប៉ុនក៏បានចេញប្រតិកម្មយ៉ាងខ្លាំង
ដោយបញ្ជាក់ពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះគោលជំហររបស់សហរដ្ឋអាមេរិក
និងកំពុងសិក្សាលើវិធានការដែលអាចធ្វើបាន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព។
នៅអាស៊ីបូព៌ាវិញ កូរ៉េខាងត្បូងដែលជាមជ្ឈមណ្ឌលផលិតរថយន្តដ៏សំខាន់
ក៏បានកោះប្រជុំបន្ទាន់ជាមួយក្រុមហ៊ុនផលិតរថយន្តធំៗ ដើម្បីពិភាក្សាអំពីផលប៉ះពាល់
និងរៀបចំយុទ្ធសាស្ត្រឆ្លើយតប
ទោះបីជាពួកគេអាចនឹងងាកទៅរកការពង្រីកផលិតកម្មក្នុងស្រុកនៅសហរដ្ឋអាមេរិក
ជាយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ក៏ដោយ។
ក្រៅពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ
ប្រទេសជាច្រើនផ្សេងទៀតដែលសេដ្ឋកិច្ចរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិក
ក៏ត្រូវបានគេរំពឹងថានឹងកំពុងរៀបចំផែនការសងសឹកផងដែរ។
វិធានការទាំងនេះអាចរួមបញ្ចូលទាំងការដាក់ពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក
ឬការដាក់បណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សូមជម្រាបថា ពន្ធថ្មីលើរថយន្ត
និងរថយន្តដឹកទំនិញធុនស្រាលរបស់លោក ដូណាល់
ត្រាំនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៣ ខែមេសា។
ការអនុវត្តនេះនឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក គ្រោងប្រកាសពន្ធទៅវិញទៅមកដែលសំដៅលើប្រទេសដែលលោកចោទថាជាអ្នកបង្កឱនភាពពាណិជ្ជកម្មរបស់អាមេរិក។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤
សហរដ្ឋអាមេរិកបាននាំចូលផលិតផលរថយន្តតម្លៃ ៤៧៤ ពាន់លានដុល្លារ
ដោយមានប្រទេសម៉ិកស៊ិក ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអាល្លឺម៉ង់
ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ជាអ្នកផ្គត់ផ្គង់ធំជាងគេ៕

Post a Comment