កូរ៉េខាងជើង បញ្ជូនកងទ័ពបន្ថែម ៣០០០នាក់ ទៅជួយរុស្ស៊ី
ប្រភព៖ Reuters
សេអ៊ូល៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា បានឱ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ។
បើតាមយោធាកូរ៉េខាងត្បូង
ក្រៅពីការបញ្ជូនកងទ័ពបន្ថែម កូរ៉េខាងជើងក៏នៅតែបន្តផ្គត់ផ្គង់ មីស៊ីល
បរិក្ខារកាំភ្លើងធំ និងគ្រាប់រំសេវឱ្យរុស្ស៉ីផងដែរ ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។
តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង
កូរ៉េខាងជើងបានបញ្ជូនកងទ័ពបន្ថែម ៣០០០នាក់ ទៅជួយរុស្ស៉ីចន្លោះពីខែមករា
ដល់ខែកុម្ភៈ។ តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងដំបូងឡើយបានបញ្ជូន កងទ័ព ១១០០០នាក់
ទៅជួយរុស្ស៉ី ក្នុងនោះមាន ៤០០០នាក់ ត្រូវបានជឿជាក់ថាបានស្លាប់ ឬរងរបួស។
រុស្ស៉ី និងកូរ៉េខាងជើង
បានពង្រឹងទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធ
ចាប់តាំងរុស្ស៉ីបើកការឈ្លានពានប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។
ទីក្រុងសេអ៊ូលវិញចោទប្រកាន់លោក គីម ជុនអ៊ុនថា បានបញ្ជូនកងទ័ពជាង ១១០០០នាក់
និងអាវុធរាប់កុងតឺន័រទៅឱ្យទីក្រុងមូស្គូ។
មកទល់នឹងពេលនេះ ទាំងរុស្ស៉ី
និងកូរ៉េខាងជើងមិនបានទទួលស្គាល់ជាផ្លូវការ ពីការដាក់ពង្រាយកងទ័ព
ឬការផ្គត់ផ្គង់អាវុធនោះទេ។ ប៉ុន្តែប្រទេសទាំង២
បានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាមួយកាលពីឆ្នាំ២០២៤
ដែលក្នុងនោះរួមមានបញ្ចូលទាំងលក្ខខណ្ឌការពារគ្នាទៅវិញទៅមក អំឡុងដំណើរ
ទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង៕

Post a Comment