កម្ពុជា-អូស្ត្រាលី វាយតម្លៃខ្ពស់អំពីដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា
អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស
រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម
និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ
ប្រតិបត្តិការបានល្អប្រសើរ។ នេះបើតាមលទ្ធផលនៃជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ
នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះដែរ ឧបនាយករដ្ឋមន្ត្រី ស សុខា
ក៏បានអបអរសាទរ លោក Derek Yip ដែលត្រូវបានរាជរដ្ឋាភិបាលអូស្ត្រាលី
ផ្តល់សេចក្តីទុកចិត្ត
និងតែងតាំងជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
និងបានចាត់ទុកជំនួបជាមួយឯកឧត្តមឯកអគ្គរាជទូតនាពេលនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល
អូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី
បានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា
លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។ លោក
ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី
ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជាផងដែរ។
ឧបនាយករដ្ឋមន្ត្រី ស សុខា
បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ជាពិសេសមានជំនឿចិត្តខ្ពស់ថា ភាគីអូស្ត្រាលី
នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារ និងការបណ្តុះបណ្តាល
ផ្សេងៗដល់មន្ត្រីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕




Post a Comment