លោក ថោង វណ្ណា អគ្គនាយក «ភ្នំពេញដេលី» ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ
ភ្នំពេញ៖ តាំងនាមថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមការងារព័ត៌មាន «ភ្នំពេញដេលី» និងក្នុងនាមក្រុមគ្រួសារខ្ញុំផ្ទាល់ ពិតជាមានសេចក្តី ក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង ពេលទទួលដំណឹងដ៏ក្រៀមក្រំបំផុតដែល ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់ សម្តេចតេជោ បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២ និង ២៧នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។ ការទទួលមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់ដ៏ធំធេង នូវបងប្រុស បិតា បិតាក្មេក ឪពុកធំ និងជីតាប្រកបរដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លងមកបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ប្អូនៗ កូនៗ ក្មួយៗ ចៅៗ ឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ឧត្តុង្គឧត្តមនៅក្នុងសង្គម។
មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ
នេះជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលមានគុណូបការៈដ៏ធំធេង សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ
ដែលពេញមួយជីវិតរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត
បញ្ញា ស្មារតី និងការលះបង់គ្រប់បែបយ៉ាង ដើម្បីរួមចំណែកបម្រើឧត្តមប្រយោជន៍ជូន ជាតិ សាសនា
និងព្រះមហាក្សត្រ។
ក្នុងវេលាប្រកបដោយក្តីរីយោគ
និងសេចក្តីសោកសង្រេងបំផុតនេះ ក្នុងនាមថ្នាក់ដឹកនាំអង្គភាពព័ត៌មាន «ភ្នំពេញដេលី»
ខ្ញុំបាទសូមគោរពអនុញ្ញាតសម្តែង នូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក
និងសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ
និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ
ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនាប្រកបដោយសារមានទុក្ខដ៏សែនក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕


Post a Comment