រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញចុះសំណេះសំណាលជាមួយសមាគមកាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស

អត្ថបទ៖ ក្រសួងទេសចរណ៍

ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញចុះសំណេះសំណាលជាមួយសមាគមកាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, អាជ្ញាធរមូលដ្ឋាន, សមាគម CATA, សមាគមកាណូតដឹកភ្ញៀវទេសចរចុងឃ្នាស សរុបចំនួន ៦០ រូប ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ។

ការចុះពិនិត្យទិដ្ឋភាពពិតជាក់ស្តែងនៅគោលដៅទេសចរណ៍ធម្មជាតិចុងឃ្នៀស, ពិនិត្យហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់លោកប្រធានសមាគម លោកចៅសង្កាត់ និងបងប្អូននៅក្នុងសមាគម ក្នុងគោលដៅស្វែងរកនូវដំណោះស្រាយរួមគា្នដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តនៅគោលដៅទេសចរណ៍ចុងឃ្នៀស ឱ្យមានកំណើនជាបន្តបន្ទាប់ទៀត ព្រមទាំងឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ជូនផងដែរថា ភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលគេនិយមជាទូទៅហៅថា ផ្ទះបណ្ដែតទឹក ឬភូមិបណ្ដែតទឹក និងទស្សនាព្រៃលិចទឹក អមដោយទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើផ្ទៃបឹងទន្លេសាប ព្រមទាំងទស្សនាកសិដ្ឋានបណ្តែតចិញ្ចឹមសត្វក្រពើផងដែរ៕



Powered by Blogger.