រដ្ឋមន្រ្តីទេសចរណ៍ស្នើឥណ្ឌា ជួយផ្សព្វផ្សាយពីសភាពការណ៍ពិត និងសក្តានុពលទេសចរណ៍ របស់កម្ពុជា
ភ្នំពេញ៖ តាមរយៈ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤»ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា និងវិស័យឯកជនប្រទេសទាំងពីរ ដែលមានវត្តមានយ៉ាងច្រើនកុះករក្នុងវេទិកានេះ បន្តសហការរៀបចំកម្មវិធី ក៏ដូចជាជួយផ្សព្វផ្សាយ ពីសភាពការណ៍ពិតរបស់កម្ពុជា កត្តាសន្តិសុខ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមដែលនិយមប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌានិងសហគមន៍ឥណ្ឌា ដើម្បីលើកស្ទួយកម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព (Safe Destination) និងទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត។
ការស្នើនេះ
ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តីអញ្ជើញ ជាអធិបតីក្នុងពិធីបើក «វេទិកាទេសចរណ៍
កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
ដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ
និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ
ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី
បានជម្រាបជូនអង្គពិធីថា «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» នេះ
ស្ថិតនៅក្រោមក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍
កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ដែលទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
និងត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី
សាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ
កម្ពុជាអង្គរ អ៊ែរ និងការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញ
និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។
ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី
ក៏សូមអំពាវនាវ ឱ្យចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ
ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ឥណ្ឌា ម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា
ទាំងអស់គ្នាដើម្បីទេសចរណ៍! ៕





Post a Comment