គីម ជុងអ៊ុន ចេញបញ្ជាឱ្យផលិតដ្រូនអត្តឃាតទ្រង់ទ្រាយធំ
ប្រភព៖ Reuters
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដដ្រូនអត្តឃាតមួយគ្រឿង ហើយបានបញ្ជាឱ្យបង្កើនការផលិតអាវុធប្រភេទនេះទ្រង់ទ្រាយធំ ដោយនិយាយថាការកើនឡើងនៃតម្រូវការដ្រូនអត្តឃាតនៅជុំវិញពិភពលោក តម្រូវជាបន្ទាន់ឱ្យមានការធ្វើបច្ចុប្បន្នភាព អាវុធ។
លោក គីម ជុងអ៊ុន កាលពីដើមឆ្នាំកន្លងទៅនេះ
ក៏បានចេញបញ្ជាឱ្យយោធារបស់លោក ធ្វើតេស្ដដ្រូនអត្តឃាតផងដែរ
នៅចំពោះមុខការកើនឡើងកិច្ចសហប្រតិបត្តិការយោធាយ៉ាងលឿនរហ័ស ជាមួយរុស្ស៉ី
ដែលបង្កឱ្យមានការសង្ស័យថាតើលោក គីម ទទួលបានជំនួយបច្ចេកទេសពីរុស្ស៉ី
ដើម្បីអភិវឌ្ឍដ្រូនអត្តឃាតដែរ ឬក៏យ៉ាងណា ខណៈអាវុធប្រភេទនេះកំពុងត្រូវបានប្រើប្រាស់
យ៉ាងទូលំទូលាយនៅក្នុងសង្រ្គាមអ៊ុយក្រែន។
KCNA បានបញ្ជាក់ថាលោក គីម ជុងអ៊ុន
បានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើនការផលិតដ្រូនអត្តឃាតទ្រង់ទ្រាយធំ
ស្របពេលការប្រកួតប្រជែងក្នុងការប្រើប្រាស់ដ្រូននៅក្នុងវិស័យយោធា បាន
និងកំពុងកើនឡើងនៅជុំវិញពិភពលោក
ហើយយោធានៃប្រទេសជាច្រើនបានទទួលស្គាល់ពីប្រសិទ្ធភាពរបស់ដ្រូននៅក្នុងជម្លោះ។
កូរ៉េខាងជើង
កន្លងមកត្រូវបានរាយការណ៍ថាបានបញ្ជូនដ្រូនឆ្លងព្រំដែនចូលទឹកដីកូរ៉េខាងត្បូង
ក្នុងនោះរួមមានទាំងរដ្ឋធានីសេអ៊ូល និងក្នុងដែនអាកាសនៃតំបន់គ្មានការហោះហើរ
នៅក្បែរវិមានប្រធានាធិបតីកូរ៉េខាងត្បូង។ ឧបទ្ទវហេតុនេះបានជំរុញឱ្យរដ្ឋាភិបាលសេអ៊ូល
ពន្លឿនការអភិវឌ្ឍអាវុធប្រឆាំងដ្រូន និងបានបង្ហើបពីផែនការដាក់ពង្រាយអាវុធឡាស៊ែរ៕
Post a Comment