រដ្ឋបាលខេត្តស្ទឹងត្រែងបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យនាឆ្នាំ២០៥០!

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តដឹកនាំបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

វេទិកានេះ ធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុកទាំង៦ មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ទាំង៣៤ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងតំណាងគ្រឹះស្ថានឧត្តម សិក្សាឯកជន សាលារៀនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន៣២២នាក់ ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះលោក លោកស្រី មន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវទាំងក្នុងការដឹកនាំសម្របសម្រួល ការអនុវត្ត ការចូលរួម និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងខេត្តស្ទឹងត្រែង ឱ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរ ដែលជំរុញឱ្យកម្មវិធីកំណែទម្រង់ដ៏មានសារៈសំខាន់នេះ មានការវិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយតាមដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាល ព្រមទាំងស្របតាមចក្ខុវិស័យគោលបំណង និងគោលដៅនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ឯកឧត្តមបន្តថា ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាល បានសម្របសម្រួល ដើម្បីពង្រីកដំណើរការកំណែទម្រង់នេះ នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាមួយការចាប់ផ្តើមអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលទាំងនោះ ។ ជាមួយគ្នានេះ វេទិការវាងរាជរដ្ឋាភិបាលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ខេត្ត គឺផ្តោតលើខ្លឹមសារសំខាន់ៗដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនិងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងសហមជ្ឈការនាពេលកន្លងមក ។

ការធ្វើកំណែទម្រង់នេះបានផ្តោតទៅលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺភាពជាតំណាងការចូលរួម ការឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព នីតិរដ្ឋ បរិយាប័ន្ន និងសមធម៌សង្គម ។ឯកឧត្តមបន្ថែមថា ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ កន្លងមករដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា៕













Powered by Blogger.