«មូល​និធិ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» បញ្ចប់ការទទួលប្រាក់, ៦៦ថ្ងៃ ទទួលបានប្រាក់ពីសប្បុរសជនជិត ២៧លានដុល្លារ

ភ្នំពេញ៖ «មូល​និធិ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាង​ផ្លូវក្រវាត់​ព្រំដែន» បញ្ចប់ការទទួលប្រាក់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ រយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២២ សីហា ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្តេចបង្កើត «មូល​និធិ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោត​លើការ​កសាង​ផ្លូវក្រវាត់ព្រំដែន» តបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបានឱកាសចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសការកសាងផ្លូវតាមក្រវាត់ព្រំដែន។

ក្រោយការបង្កើតមូលនិធិនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី បានស្ម័គ្រចិត្តបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេចូលរួមក្នុងមូលនិធិនេះ។

ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការ​កសាងផ្លូវក្រវាត់ព្រំដែន» ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ របាយការណ៍បានឱ្យដឹងថា រយៈពេល៦៦ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា មានប្រជាពលរដ្ឋខ្មែរចូលរួមសរុប ៧២០,១០៥អង្គ/នាក់ ដោយបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២,៩៥២,៤៤២,០៤៤រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨,៧២៩,៩៩៨ ដុល្លារ​អាមេរិក (គិតសរុបជាទឹកប្រាក់ដុល្លារអាមេរិកស្មើប្រមាណ ២៦,៩៦៧,៦០៩ដុល្លារអាមេរិក)៕












 

Powered by Blogger.