អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ៦ចំណុច បញ្ជាក់សារជាថ្មី ពាក់ព័ន្ធការដកខ្លួនចេញពី CLV-DTA
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ចំនួន៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA»។
ក្នុងសេចក្តីថ្លែងការណ៍
បានបញ្ជាកើ៦ចំណុចដូចខាងក្រោម៖
១៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា
ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា
ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២៖ ទោះបីជាយ៉ាងនេះក៏ដោយ
ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក
នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល
ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ
គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា។
៣៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា
តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា
ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ
ការដកខ្លួនចេញពីកិច្ចសហ-ប្រតិបត្តិការនេះ
គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា
ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាតចំណេះដឹង
ខ្វះការស្រាវជ្រាវ
និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម
ហើយសកម្មភាពបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ
និងពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់
និងដ៏គ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។
៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគោលនយោបាយច្បាស់លាស់
និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេសបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា
ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ
ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុក
ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញ
ឬរារាំងដំណើរការកសាងជាតិបានជាដាច់ខាត។
៦៖ រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន
ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេស ឱ្យកាន់តែរីកចម្រើន
ដោយរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
មិនឱ្យបាត់បង់សូម្បីមួយមិលី្លម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព
សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ
និងប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ
សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ
បញ្ឈប់ការយកបញ្ហា CLV-DTA មកធ្វើអាជីវកម្មនយោបាយបែបញុះញង់
និងបំផ្លិចបំផ្លាញបែបនេះតទៅទៀត៕
Post a Comment