ប្រធានាធិបតីអ៊ីរ៉ង់ សន្យាវាយបកវិញ ទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល

ប្រភព៖ AFP

តេហេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian​ កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលាបាននិយាយថាអ៊ីរ៉ង់មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនោះទេ ប៉ុន្តែបានត្រៀមលក្ខណៈជាស្រេច ដើម្បីចាត់វិធានការឆ្លើយតបឱ្យបានសមស្រប ទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីចុងសប្ដាហ៍កន្លងទៅនេះលើទីតាំង យោធារបស់អ៊ីរ៉ង់។

កាលពីសៅរ៍ចុងសប្ដាហ៍កន្លងទៅ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងយោធានៅលើទឹកដីអ៊ីរ៉ង់ ជាការសងសឹកទៅនឹង ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ក្រោយការសងសឹកនេះដែលបានផ្ដាច់ជីវិតទាហានអ៊ីរ៉ង់ ៤នាក់ អ៊ីស្រាអែលក៏បានព្រមានផងដែរថា ខ្លួននឹងសងសឹកកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើអ៊ីរ៉ង់ហ៊ានបាញ់តដៃ។

ថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់ធ្វើសង្រ្គាមឡើយ ប៉ុន្តែយើងនឹងការពារសិទ្ធិរបស់ប្រជាជាតិ និងប្រទេសរបស់យើង»។ លោកបន្ថែមថាអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបយ៉ាងសមស្របមួយទៅនឹងការឈ្លានពានរបស់របប Zionist (អ៊ីស្រាអែល)៕





Powered by Blogger.