មនុស្ស ១០នាក់ស្លាប់ ក្នុងការតវ៉ាក្រោយការបោះឆ្នោត នៅប្រទេសម៉ូសំប៊ិក

 ប្រភព៖ Reuters

ម៉ាពូតូ៖ យ៉ាងហោចណាស់មនុស្ស ១០នាក់ ត្រូវបានបាញ់សម្លាប់ និង៦៣នាក់ទៀត រងរបួស ក្នុងអំឡុងពេលបាតុកម្មតវ៉ាក្រោយការបោះឆ្នោត នៅក្នុងប្រទេសម៉ូសំប៊ិក កាលពីសប្តាហ៍មុន។

ការតវ៉ាទាំងនេះ បានកើតឡើងបន្ទាប់ពីគណបក្សកាន់អំណាច Frelimo ត្រូវបានប្រកាសថា បានឈ្នះការបោះឆ្នោត កាលពីថ្ងៃទី៩ ខែតុលា ដោយបន្តកាន់អំណាចរយៈពេល៤៩ឆ្នាំ។ បក្សប្រឆាំងនិងអ្នកសង្កេតការណ៍បានចោទប្រកាន់ថា មានការកេងបន្លំក្នុងការបោះឆ្នោត។

សេចក្តីថ្លែងការណ៍រួមពីសមាគមគ្រូពេទ្យនៃប្រទេសម៉ូសំប៊ិក បាននិយាយថា មានករណីបាញ់ប្រហារចំនួន៧៣ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១០នាក់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែតុលា។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា មានមនុស្សស្លាប់១១ នាក់ និងមនុស្សជាង៥០នាក់រងរបួស ដោយគ្រាប់កាំភ្លើង។ អង្គការនេះបាននិយាយទៀតថា ចំនួនអ្នកស្លាប់និងរបួសពិតប្រាកដ អាចខ្ពស់ជាងនេះដោយសារមនុស្សជាច្រើន មិនបានទៅមន្ទីរពេទ្យ។

ភាពតានតឹងកាន់តែកើនឡើង បន្ទាប់ពីមេធាវីនិងមន្ត្រីបក្សប្រឆាំងម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងរថយន្តរបស់ពួកគេ បីថ្ងៃបន្ទាប់ពីការបោះឆ្នោត។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីការសម្លាប់នេះ។ បេក្ខជនប្រធានាធិបតី ដែលចាញ់ឆ្នោត លោក Venancio Mondlane បានអំពាវនាវឱ្យមានបាតុកម្មបន្ថែមទៀតដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍៕

ប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងដើម្បីបង្ក្រាបការតវ៉ា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ រដ្ឋមន្រ្តីមហាផ្ទៃបាននិយាយថា ការតវ៉ាមានអំពើហិង្សា ដូច្នេះកងកម្លាំងសន្តិសុខត្រូវបានបង្ខំឱ្យស្តារសណ្តាប់ធ្នាប់ឡើងវិញ៕

 


Powered by Blogger.