យោធាជើងទឹក ឥណ្ឌូណេស៊ី នឹងធ្វើសមយុទ្ធរួមគ្នាជាមួយរុស្ស៉ី ជាលើកដំបូងនៅខែក្រោយ

 ប្រភព៖​ AFP

ហ្សាការតា៖ យោធាជើងទឹកឥណ្ឌូណេស៊ី បានឱ្យដឹងថា ឥណ្ឌូណេស៊ីនិងរុស្ស៉ី នឹងធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា ជាលើកដំបូងបំផុតនៅខែវិច្ឆិកា ស្របពេលដែលមេដឹកនាំថ្មីរបស់ប្រទេសអាស៊ានមួយនេះ ព្យាយាមបង្កើនចំណងទាក់ទងជាមួយ​ទីក្រុងមូស្គូ។

យោធាជើងទឹកឥណ្ឌូណេស៊ី បាននិយាយថា សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅតំបន់សមុទ្រជ្វា ក្បែរមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ក្នុងទីក្រុង Surabaya

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំឥណ្ឌូណេស៊ី លោក ​Sergey Tolchenov បានលើកឡើងថា ការធ្វើសមយុទ្ធយោធានេះ មិនមានគោលដៅ លើប្រទេសណាមួយផ្សេងឡើយ ពោលគឺ​ដើម្បីតែបង្កើនសមត្ថភាពកងទ័ពជើងទឹក នៃប្រទេសទាំងពីរប៉ុណ្ណោះ។ រុស្ស៉ីនឹងបញ្ជូននាវាចម្បាំងថ្នាក់ corvette ៣គ្រឿង នាវាផ្ទុកប្រេងធុនមធ្យម១គ្រឿង ឧទ្ធម្ភាគចក្រយោធា១គ្រឿង និងទូកសណ្តោង១គ្រឿង មកចូលរួមការធ្វើសមយុទ្ធ។

លោក Prabowo Subianto ដែលតែទើបឡើងកាន់អំណាចជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី បានសន្យាថា នឹងធ្វើឱ្យឥណ្ឌូណេស៊ី បង្ហាញភាពក្លាហាន ជាងមុនលើឆាកអន្តរជាតិ ហើយកាលពីខែកក្កដា ឆ្នាំនេះ លោកបានទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នាជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថែមទៀតផង។

កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ី ក៏បានចាប់ផ្តើមដំណើរការ ដើម្បីឆ្ពោះទៅក្លាយជាសមាជិក នៃក្រុមប្រទេស BRICS ដែលដឹកនាំ​ដោយរុស្ស៉ី ចិន ឥណ្ឌា ប្រេស៊ីល និងអាហ្រ្វិកខាងត្បូង ផងដែរ៕



 

Powered by Blogger.