សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី

ភ្នំពេញ បវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ នឹងចាប់ផ្តើមបើកជាផ្លូវការចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤តទៅ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតជូនជនរួមជាតិ ក៏ដូចជាអបអរសាទរថ្ងៃបើកបវេសនកាលនេះផងដែរ។

ក្នុងសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលនេះ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បា​នដាក់ចេញការណែនាំចំនួន១០ចំណុចដូចខាងក្រោម៖

ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់​ចេញ​រួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹង និង​ពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយ​ធានា​ថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និង​លទ្ធផល សិក្សារបស់សិស្សបានល្អប្រសើរ។

ទី២៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមាន​ប្រសិទ្ធ​ភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សា​យ៉ាង​តិចក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹង​វិន័យ សីលធម៌ និងឥរិយាបថ។

ទី៣៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃ​តង ឱ្យសក្ដិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញី​ផ្លូវ​ចិត្ត និង ផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់ បន្ថយជំងឺនិងផលប៉ះពាល់លើសុខភាព និងឈានទៅលើកកម្ពស់លទ្ធផលសិក្សា​របស់​សិស្ស។

ទី៤៖ លោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេស​ក៍ ជា​អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់​ខ្លួន​ជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេសផងដែរ។

ទី៥៖ មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និង​សុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬ​បង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បី​ហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រ​ដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព។

ទី៦៖ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យ​បាន​ខ្ជាប់​ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំង​មូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់​បាន អនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ទី៧៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូល​រួម​និងគាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី៨៖ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូល​រួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាម​គ្រប់លទ្ធភាព។

ទី៩៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយ​ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្រប​ដណ្ដប់ទៅគ្រប់​ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

ទី១០៖ សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការ​គាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ទាំងអស់គ្នា៕







 

Powered by Blogger.