គណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា និមន្តចុះជួបសំណេះសំណាលជាមួយ ព្រះមន្ត្រីសង្ឃ ក្នុងខេត្តព្រះវិហារ

អត្ថបទ៖ ម៉ាវិន

ខេត្តព្រះវិហារ៖ សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពោធិវង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី និងលោក លន់ មុនីរតនា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាគុណក្នុងវត្តប្រាសាទគោកបេងស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បាននិមន្តនិងជួបសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃ ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រីងតួនាទីភារកិច្ចរបស់មន្រ្តីសង្ឃនៅក្នុងខេត្តផងដែរ។

 ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំពាក់លោក សុខ សាន្តតារា អភិបាលរងខេត្ត រួមនិងព្រះមន្រ្តីសង្ឃខេត្ត និងគណៈកម្មការអាចារ្យវត្ត គ្រប់វត្តក្នុងខេត្តព្រះវិហារសរុបប្រមាណ៤០០អង្គ/នាក់ ។

សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា មានសង្ឃដិការផ្តល់ឱវាទដល់ព្រះមន្ត្រីសង្ឃទាំងអស់ក្នុងខេត្តព្រះវិហារ សូមឲ្យពង្រឹងរចនាសម្ព័ន្ធដឹកនាំ ពង្រឹងការគោរពប្រណិប័តន៍ធម៌វិន័យ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចព្រះឧត្តមវង្សាមានសង្ឃដិការបន្តថា គណៈសង្ឃខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាបន្តសាមគ្គីភាពក្នុងជួរគណៈសង្ឃខេត្ត រួបរួមគ្នាបំពេញភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនាក្នុងខេត្តមានភាពរីកចម្រើនបន្តទៀត ។

 ព្រះអង្គណែនាំឲ្យព្រះសង្ឃដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Social Media) មាន ហ្វេសប៊ុក (Facebook) តិកតុក (TikTok) ជាដើម គួរគប្បីបង្ហោះផ្សព្វផ្សាយពីព្រះធម៌អប់រំ ដល់ពុទ្ធបរិស័ទឱ្យបានយល់ដឹងអំពីបុណ្យបាប ជៀសវាងការបង្ហោះរូបភាពមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ៕







Powered by Blogger.