ក្រសួងការពារជាតិ៖ អ្នកប្រើប្រាស់យានយន្តពាក់ «ស្លាកលេខខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ
ភ្នំពេញ៖ ក្រសួងការពារជាតិបានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ផ្ទុយនឹងច្បាប់ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
នៃក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ
អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ថា ក្នុងរយៈពេលចុងក្រោយនេះ
ខ្លួនសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ
ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម
មិនសក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន
ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
ក្រសួងការពារជាតិ
សូមបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់
ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨
អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល
ឬជនបរទេសប្រើប្រាស់បានឡើយ។
ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ
ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ
វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។
ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនឹងចាត់វិធានការច្បាប់ជាធរមាន។
ក្រសួងបានស្នើឲ្យបណ្តាស្ថាប័ន
កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន
និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៕


Post a Comment