ហ្សេលេនស្គី ទទូចជាថ្មីឱ្យសហរដ្ឋអាមេរិក បើកភ្លើងបៃតង សម្រាប់ការវាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី
ប្រភព៖ Reuters
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសាជាថ្មីឱ្យសហរដ្ឋអាមេរិក បើកភ្លើងបៃតងសម្រាប់ទីក្រុងកៀវ វាយប្រហារចូលជ្រៅក្នុងទឹកដី រុស្ស៉ី បន្ទាប់ពីមន្ត្រីរបស់លោកបានជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃសៅរ៍
លោក ហ្សេលេនស្គី ជាថ្មីម្ដងទៀតបានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកចេញការរឹតត្បិត
ទាំងនោះ។ តាមលោក ហ្សេលេនស្គី ការការពារដែនអាកាសអ៊ុយក្រែន
ពីការទម្លាក់គ្រាប់បែករបស់រុស្ស៉ី គឺជាការបោះជំហានមួយដ៏រឹងមាំ
ដើម្បីបង្ខំឱ្យរុស្ស៉ីបិទបញ្ចប់សង្រ្គាម និងត្រឡប់ ទៅរកសន្តិភាពវិញ។
លោក ហ្សេលេនស្គី
បញ្ជាក់បន្ថែមថាជាការអំពាវនាវទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង
និងអាល្លឺម៉ង់ណ យើងត្រូវការជាចាំបាច់នូវសមត្ថភាពពិតប្រាកដ និងពេញលេញ
ដើម្បីការពារអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន។
ដូច្នេះយើងត្រូវការការអនុញ្ញាតសម្រាប់ទាំងការប្រើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ
និងមីស៊ីល ឬគ្រាប់បែក រយៈចម្ងាយឆ្ងាយរបស់ពួកអ្នក។
គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែន
ផ្ទុះឡើងកាលពីឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាច្រើនជាង
៥០ពាន់លានដុល្លារហើយដល់ទីក្រុងកៀវ ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន
បានដាក់កំហិតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលខ្លួនផ្ដល់ឱ្យ តែនៅលើទឹកដីអ៊ុយក្រែន
និងអាចវាយប្រហារចូលដីរុស្ស៉ីត្រឹមតែ ជាការការពារខ្លួនប៉ុណ្ណោះ៕

Post a Comment