គណបក្សឆ្វេងនិយមជ្រុលនៅបារាំង ផ្ដើមយុទ្ធនាការស្វែងរកការគាំទ្រ ដើម្បីបោះឆ្នោតទម្លាក់លោក ម៉ាក្រុង

 ប្រភព៖ AFP

ប៉ារីស គណបក្សឆ្វេងនិយមជ្រុល ឡា ហ្វ្រង់ អាំងស៊ូមី (La France Insoumise) នៅក្នុងប្រទេសបារាំង បានអំពាវនាវឱ្យគណបក្សនយោបាយ ផ្សេងទៀត គាំទ្រដល់យុទ្ធនាការរបស់ខ្លួន ដើម្បីបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Emmanuel Macron ចេញពីតំណែង ដោយសារតែបរាជ័យធ្ងន់ធ្ងរក្នុងការអនុវត្តភារកិច្ចរបស់លោក ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ការប៉ុនប៉ងដកតំណែងលោក Macron តាមរយៈនីតិវិធីបោះឆ្នោតដកតំណែង អនុលោមតាមមាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញបារាំង នឹងត្រូវប្រឈមឧបសគ្គជាច្រើន ពីព្រោះដើម្បីទម្លាក់ លោក Macron គេត្រូវការសំឡេងគាំទ្រ ២ភាគ៣ ពីសមាជិករដ្ឋសភា និងព្រឹទ្ធសភារួមបញ្ចូលគ្នា។ លោក Macron បានចេញមុខការពារការសម្រេចចិត្តមិនតែងតាំងលោកស្រី Lucie Castets ជានាយករដ្ឋមន្ត្រី ដោយនិយាយថាលោកមាន ភារកិច្ចការពារស្ថិរភាពប្រទេសជាតិ។

លោក Macron បច្ចុប្បន្ន កំពុងប្រឈមមុខនឹងសម្ពាធពីសំណាក់គណបក្ស La France Insoumise ឬហៅកាត់ថា LFI និងគណបក្សជាសម្ព័ន្ធមិត្ត គឺគណបក្ស Green, Socialist និង Communist ដែលស្ថិតនៅក្នុងសម្ព័ន្ធគណបក្សឆ្វេងនិយម NFP បន្ទាប់ពីរូបលោកបានបដិសេធតែងតាំងបេក្ខជនរបស់សម្ព័ន្ធគណបក្សឆ្វេងនិយម គឺលោកស្រី Lucie Castets ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ក្រោយការបោះឆ្នោតសភាមុនអាណត្តិដ៏ចម្រូងចម្រាសកាលពីខែកក្កដាកន្លងទៅ ខណៈសម្ព័ន្ធគណបក្សឆ្វេងនិយម NFP បានទទួលអាសនៈភាគច្រើន ក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិ ប៉ុន្តែក៏គ្មានគណបក្សណាមួយទទួលបានអាសនៈភាគច្រើនគ្រប់គ្រាន់នោះដែរ។

នៅក្នុងសេចក្ដីព្រាងដំណោះស្រាយនៃនីតិវិធីបោះឆ្នោតដកតំណែង ដែលត្រូវបានបញ្ជូនទៅដល់ដៃសមាជិករដ្ឋសភាមកពីគណបក្សដទៃទៀតដើម្បីប្រមូលហត្ថលេខាគំាទ្រ ក្រុមសមាជិក រដ្ឋសភាមកពីគណបក្ស LFI បានគូសបញ្ជាក់ដូច្នេះថារដ្ឋសភា និងព្រឹទ្ធសភា អាច និងត្រូវតែការពារប្រជាធិបតេយ្យប្រឆាំងនឹងប្រធានាធិបតីម្នាក់ដែលកំពុងមានទំនោរទៅរកផ្ដាច់ការ៕




Powered by Blogger.