សម្តេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និមន្តជួបសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្ត ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា និមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្ត ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃក្នុងខេត្តស្ទឹងត្រែង ។
ពិធីនេះ មានការនិមន្តចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម អន ធាងអាន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ថោង ស្រាន់ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ គណៈកម្មការអាចារ្យវត្តចំណុះខេត្តផងដែរ ។
ថ្លែងក្នុងពិធីសំណេះសំណាលកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អន ធាងអាន បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងថ្វាយបង្គំពី ឯកឧត្តម ចាយ បូរិន ប្រគេនដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ។ ដោយឯកឧត្តមបានស្នើសូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឲ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃ ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្តឲ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំប៉ះប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងសូមឲ្យព្រះសង្ឃគ្រប់អង្គប្រើប្រាស់បណ្តាញសង្គមនានាឲ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ព្រះពុទ្ធសាសនាជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងនយោបាយ ។
ទន្ទឹមនោះ សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានសង្ឃដិកាថា សម្រាប់ពិធីសំណេះសំណាលរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងក្រសួងធម្មការ និងសាសនា ជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្តនាពេលនេះ ក្នុងគោលបំណង ណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាមក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុក និងវត្ត ដើម្បីឲ្យមាននូវអភិសមាចារ គួរជាទីគោរពសក្ការៈ និងជាបុញ្ញក្ខេត្តស្រែបុណ្យរបស់ពុទ្ធបរិស័ទ ។
ព្រះអង្គមានសង្ឃដិកាបន្តថា អ្នកបួសត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប និងសូមព្រះចៅអធិការគ្រប់វត្តទាំងអស់ ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ភិក្ខុ សាមណេរឲ្យបានតឹងរ៉ឹង ៕







Post a Comment