ត្រាំ៖ កាម៉ាឡា ហារីស ជាគូប្រជែងងាយស្រួលផ្ដួលជាង ចូ បៃដិន

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកផ្ទាល់គិតថាអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) គឺងាយស្រួលផ្ដួលជាងលោកប្រធានាធិបតី ចូ បៃដិន ដែលទើបតែប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងនាមជាបេក្ខជនតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។

លោក ត្រាំ លើកឡើងបែបនេះប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា តែប៉ុន្មានម៉ោងបន្ទាប់ពីលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួត ហើយគាំទ្រ លោកស្រី Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យជំនួសរូបលោក។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Harris គឺនឹងងាយស្រួលផ្ដួលជាង លោក ចូ បៃដិន»។ លោក ត្រាំ និងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោកក៏បានឆ្លៀតវាយប្រហារលើលោក បៃដិន និងលោកស្រី Harris ផងដែរនៅលើបណ្ដាញទំនាក់ទំនងសង្គម ជាមួយការអំពាវនាវឱ្យលោក បៃដិនលាលែងចេញពីតំណែង ដោយអះអាងថាលោកមិនស័ក្តិសមបន្តកាន់តំណែងជាប្រធានាធិបតីទៀតនោះទេ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក បន្ទាប់ពីរងសម្ពាធ និងការអំពាវនាវពីសមាជិកកាន់តែច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យឱ្យរូបលោកដកខ្លួន។ សម្ពាធទាំងនេះបានកើតឡើងក្រោយលោក ធ្វើមិនបានល្អទាល់តែសោះ នៅក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីខែមិថុនាកន្លងទៅ៕



 

Powered by Blogger.