កម្ពុជា-វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀង ដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានប្ដេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក។

ការប្ដេជ្ញានេះធ្វើឡើង នាថ្ងៃទី២៥ កក្កដា ក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោកតូ ឡឹម ក្នុងឱកាសសម្តេច ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្ស កុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ។

ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសលោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង។

លោក តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជា សម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់របស់កម្ពុជាដែលបានផ្ញើសាររំលែកទុក្ខ ចំពោះការបាត់បង់ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម ។ ភាគីទាំងពីរបានសំដែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្សនិងប្រជាជនវៀតណាម។

លោក តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយ ជូនវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦ កក្កដា ស្អែកទៀត ដែលនេះបានបង្ហាញឲ្យឃើញថា មិត្តភាពដែលមានជាង១ទសវត្សរ៍កន្លងទៅ រវាងលោក ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្តេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។

ភាគីទាំងពីរបានសន្យា ពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាកម្ពុជា-វៀតណាម-ឡាវ ។ ក្នុងន័យនេះ ប្រធានរដ្ឋវៀតណាម បានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។

ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម លោកនឹងបន្តការងារទាំងអស់នោះ ដើម្បីឲ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសកម្ពុជា-វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសកម្ពុជា-វៀតណាម-ឡាវ ឲ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត៕






 

Powered by Blogger.