អ្នកនាំពាក្យក្រសួងការពារជាតិសង្ឃឹមថានឹងទទួលបានដំណឹងពីឧទ្ធម្ភាគចក្របាត់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានឲ្យដឹងថា ដោយសារកត្តាអាកាសធាតុ នៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ និងអំណោយផលតាំងពីថ្ងៃ២១ដល់២២ កក្កដា ជាហេតុធ្វើឲ្យឯកឧត្តមមានក្តីសង្ឃឹមថា នឹងទទួលបានដំណឹងអំពីឧទ្ធម្ភាគចក្របាត់ខ្លួន ក្នុងពេលដ៏ខ្លី ខាងមុខ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃ២២ កក្កដានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានលើកឡើងថា អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងកាលពីថ្ងៃទី១២ កក្កដា។

ឯកឧត្តមនាយឧត្តមសេនីយ៍ថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះបានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹងអំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរក ឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រ លំបាកក៏ដោយ ។ ឯកឧត្តមក៏ជូនពរ​កងកម្លាំងទាំងអស់ គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ៕









Powered by Blogger.