ក្រសួងព័ត៌មានចាប់ផ្តើមប្រមូលធាតុចូលដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដំបូងនៅកម្ពុជា
ភ្នំពេញ៖ សិក្ខាសាលាមួយត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានរៀបចំឡើងនៅព្រឹកថ្ងៃទី២៤កក្កដានេះនៅទីស្តីការក្រសួង ដើម្បីទទួលបានមតិយោបល់ពីសមាគមអ្នកសារព័ត៌មាន និងវិស័យដែលធ្វើការងារទាក់ទងវិស័យសារព័ត៌មាននៅកម្ពុជាដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសំដៅធានាបានលំហរនិងសន្តិសុខសារព័ត៌មាននៅកម្ពុជា។
សូមបញ្ជាក់ថា កិច្ចពិភាក្សាលើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះ សម្របសម្រួលផ្ទាល់ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
បើយោងតាមរបៀបវរៈមានសមាគមចំនួន៧ មានឈ្មោះឡើងបញ្ចេញមតិយោបល់ទៅលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននាព្រឹកនេះរួមមាន៖ ១៖ តំណាងអង្គការយូណេស្កូ, ២៖ ក្លឹបអ្នកកាសែតកម្ពុជា (CCJ), ៣៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja), ៤៖ សមាគមសារព័ត៌មានកម្ពុជា-ចិន, ៥៖ សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន, ៦៖ សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង៧៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ឱ្យអំពីភាពចាំបាច់ដែលកម្ពុជាត្រូវតែមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះថា គឺដើម្បីអោយប្រទេសកម្ពុជាមានគោលការណ៍មួយរួមស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងនិងការអនុវត្តក្រមសីលធម៌រួម សំដៅលើកស្ទួយគុណតម្លៃគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននៅកម្ពុជា។
តម្រូវការធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ទៀត ក៏បានកើតឡើងស្របពេលដែលសង្គមកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប ដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីធានាលំហនិងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល៕
Post a Comment