បញ្ហាចរាចរគ្រឿងញៀនខុសច្បាប់ និងការបោសសំអាតបញ្ហាគ្រឿងញៀនក្នុងស្ថាប័នរដ្ឋកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត
អត្ថបទ ៖ ថោង វណ្ណា
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា បញ្ហាចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងដែន និងការបោសសម្អាតបញ្ហាគ្រឿងញៀនក្នុងស្ថាប័នរដ្ឋ គឺរាជរដ្ឋាភិបាលកំពុងតែចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ហើយមន្ត្រីណាដែលពាក់ព័ន្ធគ្រឿងញៀននឹងបណ្តាញចេញពីក្របខ័ណ្ឌរដ្ឋ។
ចំពោះការធ្វើតេស្តរហ័សរកសារធាតុញៀនអនុវត្តលើមន្ត្រីរាជការសុីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅទូទាំងប្រទេសមានចំនួន ៩៩៣០០នាក់ គិតមកដល់ថ្ងៃនេះ ហើយក្នុងចំណោម ៩៩៣០០នាក់នេះ គឺរកឃើញមានអ្នកប្រើប្រាស់សារធាតុញៀនចំនួន ៩៧នាក់ ហើយក្នុងចំណោម ៩៧នាក់នេះ គឺមាន៨៩នាក់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌរួចហើយ។ រីឯ៧នាក់ទៀតកំពុងបន្តនីតិវិធី ខណៈ១នាក់ផ្សេងទៀតកំពុងធ្វើការតាមដាន។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមយុវជនដែលមានវ័យចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ ជាវ័យដែលកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើនមានចំនួនពី៣មុឺននាក់ ទៅ៤មុឺននាក់ ជាកត្តាធ្វើឱ្យបាត់បង់នូវធនធានមនុស្សមួយចំនួនសម្រាប់ប្រទេសជាតិ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងផលិតគ្រឿងញៀនទេ គ្រាន់តែជាកន្លែងដែលក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប៉ុណ្ណោះ។
ការថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍អញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសវេទិកាសារព័ត៌មានស្តីពី«គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)៕


Post a Comment