នាយឧត្តមសេនីយ៍ ម៉ឹង សំផន អំពាវនាវដល់ព្រះសង្ឃប្រជាពលរដ្ន និងគ្រប់ស្ថាប័នថ្នាក់ជាតិចូលរួមគ្នាគាំទ្រ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ
ខេត្តស្វាយរៀង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រានៅព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤នេះបានធ្វើការអំពាវនាវដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅ គ្រប់ស្ថាប័នថ្នាក់ជាតិ ត្រូវចូលរួមគ្នាគាំទ្រ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីកហ្វូណនតេជោនាពេលឆាប់ៗខាងមុខនេះ។
ការអំពាវនាវរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងខណ:ដែលឯកឧត្តមនិងលោកជំទាវ យស់ ស៊ីមន បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន១៦វត្ត ដែលបានប្រារព្ធធ្វេីឡេីង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកចន្ទ្រា លោកប្រធានក្រុមប្រឹក្សាស្រុកចន្ទ្រា លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា មន្ត្រីរាជការ មន្ទីរនានាជុំវិញស្រុកចន្ទ្រាជាច្រើននាក់ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ លើកឡើងថា: ទៀនវស្សា ត្រូវបានចាត់ទុកថា ជាពន្លឺសម្រាប់ជីវិតដែលផ្នែកងងឹតនៃជីវិតនឹងត្រូវបានបំភ្លឺ ដឹកនាំផ្លូវឆ្ពោះទៅរកព្រះនិព្វាន។ ទន្ទឹមនោះដែរ ឯកឧត្តមក៏បានអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅ គ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។
គួររំលឹកផងដែរថា ពិធីបុណ្យ “ចូលព្រះវស្សា” នឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងអំឡុងពិធីបុណ្យដែលមានរយៈពេល៣ខែនេះព្រះសង្ឃមិនចាកចេញពីវត្តអារាម ដើម្បីនិមន្ត បិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម ទោះជាយ៉ាងណាក៏ដោយព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា និងធ្វើដំណើរ ចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។
ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនា ថ្វាយទៀនវស្សា ជាទៀនធំ ដែលត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ក្នុងឱកាសពិធីបុណ្យព្រមទាំង ប្រេង ស្បងចីពរ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ព្រះសង្ឃ។ ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្តដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និង បុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ៕






Post a Comment