ការស្ទង់មតិបង្ហាញថា កាម៉ាឡា ហារីស នាំមុខ ត្រាំ ក្រោយ ចូ បៃដិន ដកខ្លួន
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ នៅក្នុងការស្ទង់មតិ ថ្នាក់ជាតិថ្មីមួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា បង្ហាញថាអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បាននាំមុខយ៉ាងប្រផុតប្រផើយលើគូប្រជែងរបស់លោកស្រី គឺលោក ដូណាល់ ត្រាំ ហើយដែលនេះជាការស្ទង់មតិត្រូវបានធ្វើឡើងជាលើកដំបូងបំផុតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤។
ការស្ទង់មតិខាងលើធ្វើឡើង ដោយទីភ្នាក់ងារសារព័ត៌មាន
Reuters
សហការជាមួយស្ថាប័ន Ipsos បានបង្ហាញថាលោកស្រី
ហារីស នាំមុខលោក ត្រាំ ២ពិន្ទុ គឺ៤៤ភាគរយ ទល់នឹង ៤២ភាគរយ។ ការស្ទង់មតិនេះធ្វើឡើងតែ
២ថ្ងៃប៉ុណ្ណោះ ក្រោយលោក បៃដិន
បានប្រកាសកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថាលោកនឹងមិនស្វែងរកការបោះឆ្នោតសាឡើងវិញ នោះទេ
ហើយគាំទ្រលោកស្រី
ហារីសជាបេក្ខភាពប្រធានាធិបតីជំនួសរូបលោកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។
បើតាមការវាយតម្លៃពីទីភ្នាក់ងារសារព័ត៌មាន Associated
Press គិតត្រឹមកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា លោកស្រី ហារីស
មានប្រតិភូនៅក្នុងដៃ ២២១៤រូប ដែលបានសន្យាថានឹងបោះឆ្នោតគាំទ្រលោកស្រី
ជាបេក្ខជនប្រធានាធិបតីនៅថ្ងៃសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យនៅខែសីហាខាងមុខ
ហើយចំនួនប្រតិភូនេះគឺលើសពី
សំឡេងភាគច្រើនដែលត្រូវការជាចាំបាច់ដើម្បីទទួលបានការតែងតាំង។ ប៉ុន្តែ
នេះគ្រាន់តែជាតួលេខ និងក្រៅផ្លូវការប៉ុណ្ណោះ
ពីព្រោះប្រតិភូបក្សប្រជាធិបតេយ្យមានសេរីភាព ឬអាចប្ដូរចិត្តបានក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនផ្លូវការ
នៅឯសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩
ដល់ថ្ងៃទី២២ ខែសីហា ក្នុងទីក្រុង Chicago៕
Post a Comment