កូនឈើចម្រុះជាង១ម៉ឺនដើម ត្រូវបានយកទៅដាំនៅតាមដងផ្លូវក្នុងសង្កាត់ព្រះបាទ ក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ កូនឈើចម្រុះចំនួន១១០០០ដើមត្រូវបានយកទៅដាំនៅតាមដងផ្លូវនៅក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ ដោយមានកិច្ចសហការរវាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ រួមនិងអាជ្ញាធរក្រុង និងរដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ព្រមទាំងមានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម ស.ស.យ.ក បងប្អូនប្រជាពលរដ្ឋ និងអង្គការជាតិ-អន្តរជាតិជាច្រើនផងដែរ។

មានប្រសាសន៍នាព្រឹកថ្ងៃទី២៣ កក្ដដា ២០២៤នេះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម បានលើកឡើងថាៈការដាំដើមឈើនៅក្នុងថ្ងៃបុណ្យរុក្ខទិវានេះ គឺដើម្បីស្ដារ ព្រៃឈើឡើងវិញ ។ ហើយឆ្នាំនេះ គឺយើងរៀបចំដាំដើមឈើប្លែកជាងបណ្តាឆ្នាំមុនៗ គឺភាគច្រើនដាំដើមក្ងោកនៅតាមដងផ្លូវ ដើម្បីជាការលំអរក្រុងផងដែររ។ លោកថា រដ្ឋបាលខេត្ត/ក្រុង ក៏ដូចជាមន្ទីរកសិកម្ម មានមហិច្ឆតាចង់ប្រែក្លាយខេត្តស្ទឹងត្រែងទាំងមូលទៅជាតំបន់ផ្ការីកស្រស់ ឆើតឆាយនាថ្ងៃអនាគតក្នុងបំណងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាខេត្តយើងកាន់តែច្រើនឡើងៗ។  

លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថាៈមន្ទីរកសិកម្មខេត្ត ដែលមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ជាសេនាធិការ បានបណ្តុះកូនឈើចម្រុះចំនួន១១០០០ ដើម ក្នុងនោះរួមមាន៖កូនឈើគ្រញូងចំនួន៤០០០ដើម. កូនក្ងោកចំនួន៣៥០០ដើម. កូនដើមឈើបេងចំនួន២៥០០ដើម. ធ្នុងចំនួន៣០០ដើម. នាងនួនចំនួន ៣៥០ដើម. ព្រីងចំនួន៣០០ដើម និងលឿងរាជចំនួន ៥០ដើម សម្រាប់ដាំ និងធ្វើការចែកចាយជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀតដាំតាមទីសាធារណៈ ក៏ដូចជាវត្តអារាម សាលារៀន និងសួនច្បារជាដើម ក្រោមការចង្អុរបង្ហាញពីថ្នាក់ដឹកនាំខេត្តផងដែរ៕















Powered by Blogger.