មនុស្ស ៣នាក់បាត់ខ្លួន និង៤០០០នាក់ត្រូវបានជម្លៀស ក្នុង​គ្រោះទឹកជំនន់នៅជប៉ុន

 ប្រភព៖ AFP

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែកក្កដាថាមនុស្សយ៉ាងហោច ៣នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឱ្យទឹកទន្លេជន់លិចហូរគួចយកទៅជាមួយនូវរថយន្ដជាច្រើនគ្រឿង ហើយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់ទៅកាន់ទីទួលមានសុវត្ថិភាព។

អាជ្ញាធរឧតុនិយមជប៉ុន នៅក្នុងសប្ដាហ៍នេះបានចេញការប្រកាសអាសន្នកម្រិតខ្ពស់ ពីគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុង Sakta និងទីក្រុង Tuza ខេត្ត Yamagata។ ក្រោយមក កម្រិតអាសន្ននេះត្រូវបានបន្ធូរបន្ថយ ប៉ុន្តែអាជ្ញាធរនៅតែអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍អាក្រក់ ដែលកើតឡើងដោយសារគ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់។

ក្រុមមន្ត្រីរដ្ឋាភិបាល នៅក្នុងខេត្ត Yamagata និងខេត្ត Akita នៃកោះ Honshu ភាគខាងជើងប្រទេសជប៉ុន បានចេញសេចក្ដីណែនាំឱ្យប្រជាជនច្រើនជាង ២០០ ០០០នាក់ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។

បើតាមទូរទស្សន៍ NHK ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សយ៉ាងហោច ៤០០០នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅ បណ្ដោះអាសន្ន។ NHK បន្ថែមថាទឹកទន្លេ២ ក្នុងខេត្ត Yamagata និងទន្លេមួយក្នុងខេត្ត Akita បានជន់លិចដោយបានហូរគួចយករថយន្ដជាច្រើនគ្រឿង ក្នុងនោះរួមមានទាំង រថយន្ដប៉ូលិសមួយគ្រឿងផងដែរ។

បើតាម មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយ ថាមានមនុស្ស ៣នាក់ ក្នុងនោះរួមមានទាំងមន្ត្រីប៉ូលិស២នាក់បានបាត់ខ្លួន អំឡុងធ្វើបេសកកម្មស្វែងរក បុរសម្នាក់ដែលបានបាត់ខ្លួន៕



 

Powered by Blogger.