ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្ទក់ចំនួន៨គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ ៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យ លោក គាំ សុខុម នាយកសាខា មន្ត្រីសាខា លោកស្រី ម៉ម សាមុត អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងហាវ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលរបើកដំបូលផ្ទះអស់ចំនួន៨គ្រួសារ ស្ថិតនៅ ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក គាំ សុខុម បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានស្ដីទីគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ឆ្លៀតក្នុងឱកាសនោះលោកនាយកសាខាក៏បានផ្សព្វផ្សាយ ជំងឺគ្រុនឈាម និងគ្រុនឈិកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ដឹង និងវិធានការពារ ហើយសូមបងប្អូនថែសុខភាពអោយល្អប្រសើរ រស់នៅដោយប្រកាន់យកនូវអនាម័យល្អ។
សូមបញ្ជាក់ផងដែរថាសម្ភារៈសាខាផ្ដល់ជូនមួយគ្រួសារទទួលបាន អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ មី ១កេស កន្ទេល១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល៕







Post a Comment