ទីក្រុងប៉េកាំងជំរុញឱ្យមានការព្រមព្រៀងបង្កើតរដ្ឋាភិបាលឯកភាពជាតិប៉ាឡេស្ទីន
ប៉េកាំង៖ ក្រសួងការបរទេសចិនបញ្ជាក់ថា បណ្ដាក្រុមនានារបស់ប៉ាឡេស្ទីនដែលរួមទាំងក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) និង ហ្វាតាស (Fatah) បានឯកភាពបញ្ចប់នូវការបែកបាក់ផ្ទៃក្នុង និងយល់ព្រមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិបណ្តោះអាសន្នមួយនៅក្នុងការចរចាដែលធ្វើឡើងនៅក្នុងប្រទេសចិន ដែលកិច្ចចរចាបានបញ្ចប់នៅថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង ត្រូវបានចុះហត្ថលេខានៅក្នុងពិធីបិទការសន្ទនាការផ្សះផ្សាក្នុងចំណោមក្រុមនានានៅក្នុងប្រទេសប៉ាឡេស្ទីន
សរុបចំនួន ១៤ក្រុម ដែលកិច្ចចរចានេះបានត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង នាថ្ងៃទី២១
ដល់ថ្ងៃទី២៣ ខែកក្កដា។
ជំនួបផ្សះផ្សានេះបានធ្វើឡើងចំពេលដែលក្រុមប្រទេសសម្របសម្រួលព្យាយាមធ្វើការងារដើម្បីឱ្យឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា
ដោយចំណុចមួយក្នុងចំនោមចំណុចជាប់គាំងគឺផែនការ
"ថ្ងៃបន្ទាប់....ក្រោយសង្គ្រាម" ដែលប៉ាឡេស្ទីននឹងបន្តគ្រប់គ្រងដែនដីរបស់ខ្លួនដោយរបៀបណាក្រោយពីសង្គ្រាមដែលអូសបន្លាយពេលជាង
១០ខែនេះបញ្ចប់ទៅ។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក ហ៊ូសាម
បាដរ៉ាន (Hussam Badran) ថ្លែងថា
ចំណុចសំខាន់បំផុតនៃសេចក្តីប្រកាសទីក្រុងប៉េកាំង
គឺការបង្កើតរដ្ឋាភិបាលឯកភាពជាតិប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងកិច្ចការងារផ្ទៃក្នុងរបស់ប៉ាឡេស្ទីនផ្ទាល់។
លោកបន្តថា៖ "នេះបង្កើតជារបាំងដ៏រឹងមាំមួយប្រឆាំងនឹងអន្តរាគមន៍ក្នុងតំបន់
និងអន្តរជាតិទាំងអស់
ដែលស្វែងរកការប្រឆាំងនឹងផលប្រយោជន៍ប្រជាជនរបស់យើងក្នុងការគ្រប់គ្រងកិច្ចការប៉ាឡេស្ទីននៅក្រោយពេលសង្គ្រាមបានបញ្ចប់"។
គួរបញ្ជាក់ថា
កន្លងមកកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់អេហ្ស៊ីប
និងបណ្ដាប្រទេសអារ៉ាប់ក្នុងការផ្សះផ្សាបញ្ចប់ជម្លោះចែករំលែកអំណាចរយៈពេល
១៧ឆ្នាំបានទទួលរងបរាជ័យ
ដែលបានធ្វើឱ្យអំណាចនយោបាយរបស់ប៉ាឡេស្ទីនកាន់តែធ្លាក់ចុះខ្សោយ
ខណៈអ្នកឃ្លាំមើលជាច្រើនកំពុងបន្តតាមដានកិច្ចព្រមព្រៀងដែលធ្វើឡើងនៅប្រទេសចិននឹងមានវឌ្ឍនភាពយ៉ាងណាទៀត៕

Post a Comment