រុស្ស៊ីធ្វើសមយុទ្ធពាក់ព័ន្ធជើងទម្រចល័តមីស៊ីលនុយក្លេអ៊ែរ ជាលើកទី២
ប្រភព៖ Reuters
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍នាថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៉ីកំពុងរៀបចំធ្វើសមយុទ្ធពាក់ព័ន្ធ ជើងទម្រចល័តបាញ់មីស៊ីលនុយក្លេអ៊ែរ Yars ខណៈវាគឺជាលើកទី២ ក្នុងរយៈពេលមិនដល់១ខែនោះឡើយ ដែលសមយុទ្ធបែបនេះ ត្រូវធ្វើឡើង។
ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន
បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានធ្វើសមយុទ្ធយោធាច្រើន
ទាំងដោយខ្លួនឯងផ្ទាល់ និងជាមួយប្រទេសដទៃទៀត រួមមានចិន បេឡារុស
និងអាហ្រ្វិកខាងត្បូង ជាដើម។
យោងតាមកាសែតរុស្ស៉ី
Kommersant មីស៊ីលនុយក្លេអ៊ែរ Yars អាចបំពាក់ក្បាលគ្រាប់បានច្រើន និងបាញ់លើគោលដៅ នៅចម្ងាយរហូតដល់១១,០០០គីឡូម៉ែត្រ។ មីស៉ីលនេះអាចបំពាក់នៅលើជើងទម្រចល័តក៏បាន
ឬនៅតាមមូលដ្ឋានសាយឡូ (silo) សម្រាប់បាញ់ចេញពីក្រោមដី ក៏បាន។
ទីភ្នាក់ងារព័ត៌មានរុស្ស៉ី
Interfax បាននិយាយថា
ក្រុមការងារប្រព័ន្ធជើងទម្រង់ចល័តមីស៊ីល Yars ក្នុងតំបន់ Volga
ចម្ងាយប្រហែល៧០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងមូស្គូ
នឹងត្រូវធ្វើសកម្មភាពចល័តចម្ងាយជាង១០០គីឡូម៉ែត្រ ហើយធ្វើការហាត់សមលាក់កំបាំង
និងដាក់ដំណើរការប្រព័ន្ធទាំងនោះ។ សមយុទ្ធនេះកើតមានឡើង ក្រោយសមយុទ្ធស្រដៀងគ្នា
បានប្រព្រឹត្តទៅកាលពីដើមខែកក្កដានេះ នៅតំបន់យ៉ាងហោច២ផ្សេងគ្នា។ រីឯកាលពីជិត២ខែមុន
រុស្ស៉ីក៏បានធ្វើសមយុទ្ធដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិច ជាមួយបេឡារុសផងដែរ៕

Post a Comment