មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឱ្យក្រុមហ៊ុន ទិញជ័រកៅស៊ូ សេង ណារ៉ុង ធ្វើអាងស្តុកកាកសំណល់ឱ្យបានត្រឹមត្រូវ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរស្រុកកែវសីមាបានដឹកនាំកម្លាំងចុះពិនិត្យទីតាំងក្រុមហ៊ុនទទួលទិញជ័រកៅស៊ូ សេង ណារ៉ុង អ៊ឹមផត អ៊ិចផត ដែលស្ថិតនៅបណ្ដោយផ្លូវជាតិឆ្ពោះទៅច្រកទ្វារទ្វេភាគីឡាបាខេ ស្ថិតនៅ ភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ក្រោយពីពលរដ្ឋសុំឱ្យអន្តរាគមន៍ ករណីមានក្លិនស្អុយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ក្នុងដំណើរការចុះត្រួតពិនិត្យរបស់អាជ្ញាធរស្រុកនិងក្រុមការងារបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី២៣ខែកក្កដា ២០២៤ មន្ត្រីជំនាញរកឃើញថា សេង ណារ៉ុង អ៊ឹមផត អ៊ិចផត ពិតជាមិនបានគ្រប់គ្រង់ទុកដាក់សំណល់រាវបានត្រឹមត្រូវប្រាកដមែនទីតាំងក្រុមហ៊ុន ទិញជ័រមានតែរណ្តៅស្តុកទឹកស្អុយតែមួយប៉ុណ្ណោះ ពុំមានអាងប្រត្តិកម្មបន្សាបក្លិនស្អុយនោះទេ។
ជុំវិញករណីនេះ អាជ្ញាធររួមនឹងមន្ត្រីជំនាញតម្រូវឱ្យក្រុមហ៊ុនធ្វើអាងស្តុកកាកសំណល់ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសដេីម្បីកាត់បន្ថយក្លិនស្អុយ ដែលបង្កធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថាននិងការរស់ នៅរបស់ប្រជាពលរដ្ឋនៅជុំវិញនោះផងដែរ។
គួរបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋនៅភូមិអូរអាមជិត២០០គ្រួសារ ធ្លាប់នាំគ្នាផ្តិតមេដៃស្នេីរសុំកិច្ចអន្តរាគមន៍ពីមន្ត្រីជំនាញ ករណីក្លិនស្អុយចេញពី ក្រុមហ៊ុន សេង ណារ៉ុង អ៊ឹមផត អ៊ិចផត បានបង្ហូរទឹកកាកសំណល់ជ័រកៅស៊ូ ធ្វេីឱ្យប្រជាពលរដ្ឋរស់នៅក្បែរក្រុមហ៊ុនខាងលេី ជះក្លិនស្អុយខ្លាំង ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញនោះ ហើយត្រូវបានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរនិងមន្ត្រីជំនាញជាច្រើនលើកច្រើនសារមកហើយបើទោះបីជាអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធចុះអប់រំនិងធ្វើកិច្ច សន្យាយ៉ាងណាក៏ដោយគេសង្កេតឃើញថាហាក់បីដូចជាមិនមានប្រសិទ្ធភាពនោះទេ។
ក្រោយមកប្រជាពលរដ្ឋក៏បានស្នើសុំឱ្យធ្វើការផ្សព្វផ្សាយដើម្បីឱ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនការដោះស្រាយរវាងម្ចាស់ក្រុមហ៊ុននិងប្រជាពលរដ្ឋផងដែរ៕


Post a Comment