អភិបាលខត្តកំពត៖ ក្រោមម្លប់សន្តិភាពរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិកាន់កាប់ដីធ្លីពេញ លេញ និងស្របច្បាប់ជូនពលរដ្ឋទូទាំងប្រទេស
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ៣ពាន់គ្រួសារ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនពលរដ្ឋក្នុងភូមិចំនួន៣ ក្នុងស្រុកទឹកឈូ ដែលធ្វើឡើងក្នុងបរិវេណ វត្តកំពូលមាស (ហៅវត្តវប្រឡាយ) ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩) បានផ្លាស់ប្តូរជាប្រវត្តិសាស្ត្រយ៉ាងខ្លាំង ដោយសារតែនៅក្នុងរបបខ្មែរក្រហម រាល់កម្មសិទ្ធិឯកជន និងប្លង់ដីធ្លីទាំងអស់ត្រូវបានលុបបំបាត់ និងបំផ្លាញចោលទាំងស្រុង។
ឯកឧត្តមបន្តថា ក្រោយការដួលរលំនៃរបប ប៉ុល ពត
ដីធ្លីទាំងអស់ក៏ត្រូវបានចាត់ទុកជាសម្បត្តិរបស់រដ្ឋ
ប្រជាពលរដ្ឋត្រូវបានរៀបចំឱ្យរស់នៅ និងធ្វើការរួមគ្នាក្នុងទម្រង់ជា «ក្រុមសាមគ្គី» ដើម្បីបង្កបង្កើនផល
និងជួយគ្នាទៅវិញទៅមកក្នុងការស្តារវិស័យកសិកម្មឡើងវិញ។
ម្យ៉ាងទៀតពលរដ្ឋមានសិទ្ធិអាស្រ័យផលលើដីធ្លីសម្រាប់ការធ្វើស្រែចម្ការ និងសង់លំនៅឋាន
ប៉ុន្តែមិនទាន់មានសិទ្ធិជាកម្មសិទ្ធិករឯកជន ឬសិទ្ធិលក់ដូរនោះទេ។ ប៉ុន្តែក្រោយពីកម្ពុជាទទួលបានសន្តិភាពពេញលេញ
រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៧
បានខិតខំពន្លឿនក្នុងការរៀបចំបណ្ណកម្មសិទ្ធផ្តល់ជូនពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យទទួលបានសិទ្ធិកាន់កាប់
និងប្រើប្រាស់ដីធ្លីដោយស្របច្បាប់។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា
ក្រោយពេលដែលប្រទេសកម្ពុជារួចផុតពីភ្នក់ភ្លើងសង្គ្រាម
ហើយទទួលបានសុខសន្តិភាពក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន
សម្តេចបានគិតគូរ និងរៀបចំឡើងវិញនូវគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី
ដើម្បីរៀបចំឱ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។
គោលនយោបាយនេះ ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់រហូតបន្តមកដល់អាណត្តិទី៧
ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
ដែលបច្ចុប្បន្នសម្តេចបានបន្តអនុវត្តន៍ ក៏ដូចជាជំរុញអោយពន្លឿនការវាស់វែង
ក៏ដូចជាចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេសឱ្យបានឆាប់រហ័សបំផុត
ដើម្បីអោយពលរដ្ឋអាចទទួលយកប្រយោជន៍ពេញលេញពីវិស័យដីធ្លី
ពិសេសឈានទៅបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស។
ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិនាពេលនេះ
គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់
និងការគិតគូរខ្ពស់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា
ព្រមទាំងការខិតខំប្រឹងប្រែងរុញច្រានការងារចុះបញ្ជីដីធ្លីយ៉ាងសកម្មពី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដើម្បីធានានូវសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី បញ្ចប់ទំនាស់
និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋឱ្យបានរឹងមាំ និងមានទំនុកចិត្តខ្ពស់។ ទន្ទឹមនេះ
ឯកឧត្តមអភិបាលខេត្ត
ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាថ្ងៃនេះ
ត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិទាំងនេះឱ្យបានល្អ
ព្រោះវាជាទ្រព្យសកម្មផ្លូវច្បាប់ដ៏មានតម្លៃសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពត បានឱ្យដឹងថា
ពិធីនាព្រឹកនេះ
មានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ
រួមមាន៖ ភូមិភ្នំតូច ភូមិមានរិទ្ធ និងភូមិទឹកក្រហម ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ
ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ៦,៨៣២ការក្បាលដី
ស្មើនឹង ៣,៦៦០គ្រួសារ៕















Post a Comment