ត្រាំ ថាសហរដ្ឋអាមេរិកគ្មានផែនការវាយអ៊ីរ៉ង់ភ្លាមៗនោះទេ

វ៉ាស៊ីនតោន៖ ក្នុងបទសម្ភាសន៍ជាមួយ Financial Times នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមិនមានផែនការវាយប្រហារភ្លាមៗលើអ៊ីរ៉ង់នោះទេ បើទោះជាមានសេចក្ដីរាយការណ៍ថាយោធាអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយតូចលើកោះ Qeshm របស់អ៊ីរ៉ង់ក៏ដោយ។

ការកត់សម្គាល់របស់លោក ត្រាំ បែបនេះធ្វើឡើងចំថ្ងៃបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលនឹងកំណត់ថាតើគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ឬក៏គណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនដើម្បីគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។

នៅក្នុងបទសម្ភាសន៍នោះ លោក ត្រាំ បាននិយាយថារូបលោកពេញចិត្តចំពោះស្ថានភាពជាប់គាំងបច្ចុប្បន្នជាមួយអ៊ីរ៉ង់។ «យើងមើលទៅដូចជាកំពុងយកបានអ្វីគ្រប់យ៉ាងដែលយើងចង់បាន»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថាកិច្ចចរចាកំពុងប្រព្រឹត្តទៅ ហើយគេនឹងបានឃើញថាតើនឹងមានរឿងអ្វីកើតឡើង។

នៅពេលត្រូវបានសាកសួរពីការឱ្យសញ្ញាដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាការវាយប្រហារមួយលើអ៊ីរ៉ង់អាចនឹងកើតឡើងឆាប់ៗ លោក ត្រាំ បានឆ្លើយថា «ខ្ញុំត្រៀមខ្លួនរួចរាល់ ពួកយើងត្រៀមខ្លួនរួចរាល់។ យើងបានត្រៀមកេះកៃកាំភ្លើងរួចជាស្រេច ប្រសិនបើចាំបាច់ ប៉ុន្តែវាប្រហែលមិនមានហេតុផលត្រូវធ្វើបែបនេះនោះទេ»៕



 

Powered by Blogger.