កូរ៉េខាងត្បូង ជំរុញឱ្យកូរ៉េខាងជើងត្រឡប់ទៅរកកិច្ចសន្ទនា ក្រោយការផ្ទុះគ្រាប់មីននៅតំបន់ DMZ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បានជំរុញឱ្យកូរ៉េខាងជើងត្រឡប់ទៅរកកិច្ចសន្ទនា មួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងបានទាមទារការសូមទោសពីទីក្រុងព្យុងយ៉ាង ជុំវិញឧបទ្ទវហេតុផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) កាលពីពេលថ្មីៗនេះដែលបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។

នៅក្នុងសុន្ទរកថានាឱកាសប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង លោក Lee Jae Myung បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសង្ឃឹមថាកូរ៉េខាងជើងនឹងចូលរួមជាមួយពួកយើងក្នុងពេលឥលូវ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត និងការចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញ បន្ទាប់ពីត្រូវបានផ្អាករយៈពេលជាយូរមកហើយ»។

ហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ បានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់ ក្នុងនោះមានម្នាក់ ដាច់ជើងម្ខាង។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kang Shin-chul បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាក្រោយការស៊ើបអង្កេត កូរ៉េខាងត្បូងបានរកឃើញថា គ្រាប់មីនដែលផ្ទុះនៅឯតំបន់ព្រំដែនគ្មានយោធាកាលពីសប្ដាហ៍មុន គឺជាគ្រាប់មីនរបស់កូរ៉េខាងជើង។ តាមលោក Kang Shin-chul ការផ្ទុះគ្រាប់មីននេះជាទង្វើបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកូរ៉េទាំង ២ ហើយថាកូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ។ នៅថ្ងៃពុធនេះដែរ យោធាកូរ៉េខាងត្បូងបានបន្តទាមទារឱ្យកូរ៉េខាងជើងសូមទោស ជុំវិញឧបទ្ទហេតុផ្ទុះគ្រាប់មីន។

ក៏ប៉ុន្តែជាប្រតិកម្មឆ្លើយតប ប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បាននិយាយកាលពីថ្ងៃពុធថាការចោទប្រកាន់របស់កូរ៉េខាងត្បូង គ្រាន់តែជាលេសមួយដើម្បីបង្ករឿងនយោបាយ និងយោធាប្រឆាំងនឹងកូរ៉េខាងជើងតែប៉ុណ្ណោះ៕ ប្រភព៖ AFP



 

Powered by Blogger.