សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ថ្ងៃទី១ មានអ្នកដាក់ពាក្យកាតព្វកិច្ចយោធាជិត ៣ពាន់នាក់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា ថ្ងៃទី១ មានអ្នកស័្មគ្រចិត្តដាក់ពាក្យចូលកាតព្វកិច្ចយោធាជិត ៣ពាន់នាក់ ហើយនេះក៏ជាជំហ៊ានទី១ផងដែរ។

យុវជន យុវនារី មានបំណងស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា អាចអញ្ជើញមកទទួល និងដាក់ពាក្យនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ នៃទីលំនៅរបស់ខ្លួន។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃសុក្រ ទី២ តុលា ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ម្សិលមិញយើងចាប់ផ្ដើមទទួលពាក្យកាតព្វកិច្ចយោធា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលចាប់ផ្ដើមម្សិលមិញជិត ៣ពាន់នាក់ បានដាក់ពាក្យ យើងដល់ថ្ងៃទី១០ ជាជំហ៊ានសាកល្បងលើកទីមួយ អញ្ចឹងការស្ម័គ្រចិត្តយើងទទួលដល់ថ្ងៃទី១០»។

សម្ដេចធិបតី បន្ដថា ឆ្នាំទី១ នៃការអនុវត្តកាតព្វកិច្ចយោធា គឺជាឆ្នាំប្រវត្តសាស្ដ្រ ហើយវគ្គមួយ គឺជាវគ្គយ៉ាងសំខាន់ដែល សម្ដេច ចេញគោលការណ៍រៀបចំឱ្យបាន។ សម្ដេច បន្ថែមថា ច្បាប់កាតព្វកិច្ចយោធា សម្រាប់រាជរដ្ឋាភិបាល គឺជាគោលនយោបាយមួយ ក្នុងការវិនិយោគកសាង និងពង្រឹងធនធានមនុស្ស មិនខុស ពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និងក្រសួងផ្សេងៗទៀត ក្នុងការពង្រឹងធនធានមនុស្ស។

សម្ដេចធិបតី បន្ថែមថា ការកសាងធនធានមនុស្ស គឺសំខាន់ ទាំងក្នុងវិស័យការពារជាតិ ទាំងវិស័យសង្គមជាតិផងដែរ។ ព្រោះថា ច្បាប់កាតព្វកិច្ចយោធា នេះ គោលដៅដូច សាកលវិទ្យាល័យ ក្នុងការកសាងធនធានមនុស្ស៕



 


Powered by Blogger.