ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ពាន់នាក់ មកពី២៦ប្រទេស
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ មកពី ២៦ប្រទេស បានមកជួបជុំគ្នារត់ក្នុង ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» លើខ្នងភ្នំបូកគោ ដើម្បីលើកម្ពស់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍បៃតង ទេសចរណ៍កីឡា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍
សហការជាមួយរដ្ឋបាលខេត្តកំពត
បានរៀបចំព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង
ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ»
ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ
ឆ្នាំ២០២៦ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក្នុងខេត្តកំពត។
ហើយព្រឹត្តិការទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦នេះ
ក៏មានការចូលរួមពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ព្រះសីហនុ
និងកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត
ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបជាង ២ពាន់នាក់ មកពី
២៦ប្រទេស។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តកំពត និងបានគូសបញ្ជាក់ថា
គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះឡើង
គឺដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខេត្តជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា
ដែលមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ឱ្យពិភពលោកបានស្គាល់
និងចង់មកសម្រាកកម្សាន្ត។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា
ព្រឹត្តិការណ៍នេះគឺបានផ្សារភ្ជាប់ទៅនឹង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ
ឆ្នាំ២០២៦» ដែលមានសកម្មភាពទាក់ទាញជាច្រើនដូចជា
ការប្រកួតស្នាដៃចម្អិនម្ហូបអាហារ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។
ឯឧត្តមរដ្ឋមន្ត្រីបានលើកឡើងដែរថា កម្ពុជា
ក្រោមម្លប់សន្តិភាពដែលយកមកដោយការលះបង់គ្រប់បែបយ៉ាងរបស់សម្តេច តេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាមាន សុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។
ហើយបច្ចុប្បន្ន ក្រោមការដឹកនាំបន្តពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក៏នៅតែបន្តរក្សាសុខសន្តិភាពជូនជាតិ ជូនប្រជាជន
និងបន្តអភិវឌ្ឍន៍ប្រទេស ពិសេសវិស័យទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើន
ដែលជាកត្តាធ្វើឱ្យកំណើនភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តក្នុងប្រទេសទទួលបានភាពកក់ក្តៅ
និងជួយផ្សព្វផ្សាយបន្តពីកម្ពុជាទៅកាន់ពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពត
ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតរបស់ ឯកឧត្តម ម៉ៅ ធនិន
ដែលបានខិតខំអភិវឌ្ឍវិស័យទេសចរណ៍ និងផលិតផលទេសចរណ៍ ថ្មីៗ ប្លែកៗ មានភាពទាក់ទាញ
ដែលជាកត្តាជំរុញឱ្យភ្ញៀវទេសចរសម្រុកមកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើងៗ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការជំរុញឱ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ចូលរួមផ្សព្វផ្សាយទេសចរណ៍ឱ្យបានច្រើន
តាមរទិសស្លោក ប្រជាពលរដ្ឋម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់
ដើម្បីឱ្យពិភាពលោកស្គាល់កម្ពុជាកាន់តែច្បាស់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
បានបង្ហាញនូវភាពរីករាយចំពោះការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍
ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើង
ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលខេត្តកំពត ជាពិសេសបណ្តាខេត្តជាប់តំបន់ឆ្នេរទាំង៤
ទៅកាន់ឆាកអន្តរជាតិ ហើយការបង្កើតព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោនេះឡើង
គឺជាការបង្ហាញពីអាកាសធាតុបរិសុទ្ធលើខ្នងភ្នំបូកគោជូនភ្ញៀវទេសចរជាតិ អន្តរជាតិ
នូវបទពិសោធន៍ថ្មី ស្រស់ស្រាយផ្លូវចិត្ត និងទទួលបានសុខភាពល្អមាំមួន ដែលទទួលបានពីអាកាសធាតុបរិសុទ្ធលើខ្នងភ្នំបូកគោ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍
ដែលបានជ្រើសរើសយកទឹកដីខេត្តកំពតជាទីតាំងរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ
ឆ្នាំ២០២៦ ហើយឯកឧត្តមសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ភាពទាក់ទាញនៃតំបន់ឆ្នេរសមុទ្រកម្ពុជា
ពិសេសខេត្តកំពត នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនៅលើផែនទីទេសចរណ៍ពិភពលោក៕
















Post a Comment