ស្ពានថ្មបុរាណនៅកណ្តាលរាជធានីអង្គរ៖ ស្នាដៃវិស្វកម្ម និងបេតិកភណ្ឌរស់ឆ្លងសម័យកាល
ខេត្តសៀមរាប៖ ស្ពានថ្ម គឺជាសំណង់អច្ឆរិយបុរាណដ៏កម្រ និងមានតម្លៃប្រវត្តិសាស្ត្រខ្ពស់មួយ ស្ថិតនៅភាគខាងលិចប្រាសាទតាកែវ ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ ស្ពានប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពរស់មួយនៃបដិសន្ធិឡើងវិញនៃវិស្វកម្មសាងសង់ស្ពានខ្មែរ ហើយក៏ជាស្ពានបុរាណដ៏សំខាន់ដែលនៅសល់រូបរាងរហូតមកដល់បច្ចុប្បន្ន។
ដើមឡើយ ទីតាំងនេះជាផ្លូវប្រវត្តិសាស្ត្រដ៏សំខាន់ ភ្ជាប់ចេញពីក្រុងអង្គរធំតាមទ្វារជ័យ ឆ្ពោះទៅកាន់បារាយណ៍ខាងកើត និងដែនដីនៅទិសខាងកើតនៃចក្រភព ដោយមានស្ពានឈើសម្រាប់ឆ្លងកាត់ស្ទឹងសៀមរាបក្នុងសម័យអង្គរ។ លុះមកដល់សតវត្សរ៍ទី១៧ (ក្រោយសម័យអង្គរ) ស្ពានថ្មនេះ បានសាងសង់ឡើងវិញនៅត្រង់ទីតាំងស្ពានឈើចាស់នោះ ដោយប្រើប្រាស់ដុំថ្មភក់បុរាណពីប្រាសាទនានានៅក្បែរៗ យកមកតម្រៀបគ្នាយ៉ាងប៉ិនប្រសប់និងរឹងមាំ។
ការសាងសង់ស្ពានថ្មនេះ មិនត្រឹមតែជាការតភ្ជាប់ផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ចំណេះជំនាញស្ថាបត្យកម្ម និងវិស្វកម្មដ៏ចំណានរបស់បុព្វបុរសខ្មែរ ដែលបានថែរក្សា និងបន្តវេនយ៉ាងគង់វង្សពីសម័យអង្គរ។ ថ្វីបើស្ថិតក្នុងសម័យកាលក្រោយអង្គរក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែរក្សាបាននូវចំណេះដឹងស៊ីជម្រៅលើការគណនារចនាសម្ព័ន្ធទ្រទម្ងន់ ការបង្វែរចរន្តទឹក និងបច្ចេកទេសតម្រៀបថ្មឥតប្រើបាយអ ដែលជាគ្រឹះបច្ចេកវិទ្យាធ្លាប់ប្រើប្រាស់ក្នុងការកសាងស្ពានថ្មបុរាណជាង១០០ កន្លែងនៅទូទាំងចក្រភពខ្មែរ។
បច្ចុប្បន្ន ស្ពានថ្មបានក្លាយជាទស្សនីយភាពដ៏ទាក់ទាញសម្រាប់ទេសចរ។ ឫសឈើធំៗបានដុះស្រោបព័ទ្ធជុំវិញ រូបរាងស្ពាននិងរចនាសម្ព័ន្ធយ៉ាងប្រកៀកប្រកិត បង្កើតជារូបភាពសិល្បៈធម្មជាតិដ៏មានជីវិតរស់រវើក។ បន្ថែមលើនេះ បរិយាកាសជុំវិញពោរពេញដោយធម្មជាតិស្រស់បំព្រង ហើយប្រសិនបើមានសំណាង លោកអ្នកអាចនឹងបានឃើញសត្វបក្សីព្រៃដ៏ស្រស់ស្អាត ដូចជាក្ងោកព្រៃ ដើររកស៊ីក្បែរស្ពានថ្មបុរាណទាំងនោះ ដែលរឹតតែបន្ថែមភាពរំភើប និងបង្កើតជានិមិត្តរូបនៃរុក្ខជាតិ សត្វព្រៃ និងប្រាសាទបុរាណ រស់នៅរួមគ្នាយ៉ាងសុខសាន្ត៕







Post a Comment