ព្រះមហាក្សត្រ ចេញព្រះរាជសារថ្លែងអំណរគុណ និងលើកទឹកចិត្តគ្រូបង្រៀនក្នុងទិវាគ្រូបង្រៀន ០៥ តុលា ២០២៦
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារមួយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូគ្រប់ជំនាន់ ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ ព្រះរាជសារនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវាគ្រូបង្រៀន ដែលជាការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់អ្នកបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិ។
ក្នុងព្រះរាជសារនោះ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសម្តែងនូវការកោតសរសើរ
និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូ ដែលបានលះបង់កម្លាំងកាយ
កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការស្តារ និងកសាងសង្គមជាតិ
តាមរយៈការបង្ហាត់បង្រៀន និងអប់រំប្រកបដោយស្មារតីទទួលខុសត្រូវ
និងមនសិការវិជ្ជាជីវៈខ្ពស់។ ការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ
ក្នុងការផ្តល់ចំណេះដឹង តម្រង់ទិស បណ្តុះស្មារតី គំនិត សីលធម៌ គុណធម៌
និងគុណតម្លៃដល់សិស្សានុសិស្ស
គឺជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស
និងការរីកចម្រើនរបស់សង្គមជាតិ។
ព្រះអង្គក៏បានលើកទឹកចិត្ត
និងផ្តល់ការគាំទ្រដល់លោកគ្រូអ្នកគ្រូទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌
និងសេចក្តីថ្លៃថ្នូរ ព្រមទាំងខិតខំអភិវឌ្ឍចំណេះដឹង សមត្ថភាព
និងជំនាញវិជ្ជាជីវៈជាប្រចាំ ឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យា
និងតម្រូវការរបស់យុវជនជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ
ព្រះអង្គក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអាណាព្យាបាលសិស្សានុសិស្ស
ឱ្យបន្តចូលរួមគាំទ្រ លើកទឹកចិត្ត
និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន
ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព៕


Post a Comment