ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងចែកសម្ភារប្រមូលផលជូនកសិករ នៅស្រុកពេជ្រាដា

 អត្ថបទ៖ ជឹម ទូច


ខេត្តមណ្ឌលគិរី ៖ ខណៈរដូវកាលប្រមូលផលកាហ្វេកាន់តែខិតជិតចូលមកដល់ អាជ្ញាធរខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ខូហ្វី សម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចែកសម្ភារៈប្រមូលផលកាហ្វេ ក្នុងឱកាសពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ ដែលពិធីនេះបានប្រារព្ឋឡើងនៅស្នាក់ការក្រុមហ៊ុនខូហ្វី ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ។


ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា​ បច្ចុប្បន្នយើងសង្កេតឃើញថា ដំណាំកាហ្វេមានការដាំដុះ និងមានផ្ទៃដីកើនឡើងគួរឱ្យកត់សម្គាល់ និងជាដំណាំដែលមានសក្តានុពល ជាយុទ្ធសាស្ត្រមួយក្នុងចំណោមដំណាំផ្សេៗទៀត ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណូល និងជីវភាពកាន់តែប្រសើរឡើង ។


ឯកឧត្តមមានប្រសាសន៍បន្តថា ដើម្បីជួយសម្រួលលក្ខណៈងាយស្រួលដល់បងប្អូនប្រជាកសិករក្នុងការអនុវត្តការងារប្រមូលផលឱ្យបានកាន់តែល្អប្រកបដោយគុណភាពទទួលផលសរុបសម្រាប់ការប្រមូលផលនៅក្នុងឆ្នាំ២០២៦ នេះ និងដើម្បីលើកកម្ពស់សុវត្ថិភាព និងបង្កើនភាពងាយស្រួលក្នុងការងារប្រចាំថ្ងៃរបស់ប្រជាកសិករ ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាកសិករក្នុងការបន្តអភិវឌ្ឍន៍ផលិតកម្មកាហ្វេប្រកបដោយគុណភាព ចីរភាព និងគុណផល ។ រដ្ឋបាលខេត្តបានសហការជាមួយក្រុមហ៊ុនខូហ្វី រៀបចំផ្តល់ជូនប្រជាកសិករនូវសម្ភារ សម្រាប់ធ្វើការងារប្រមូលផលកាហ្វេ និងសមស្របតាមលក្ខណៈបច្ចេកទេស ។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ពិធីដែលត្រូវបានរៀបចំនាពេលនេះ ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរចំពោះទិន្នផលកាហ្វេ ដែលបានអនុវត្តបានល្អប្រសើរនៅក្នុងឆ្នាំ២០២៥កន្លងមក និងត្រៀមលក្ខណៈសម្រាប់រដូវកាលប្រមូលផលឆ្នាំថ្មី ឱ្យកាន់តែបានផលលើសរដូវកាលមុន។


លោកស្រី ឈាន ឃីម អគ្គនាយិកានៃក្រុមហ៊ុន ខូហ្វី បានឱ្យដឹងថា ដំណាំកាហ្វេដុះលូតលាស់ល្អសមស្របទៅនឹងសណ្ធានដីជាប្រភេទដីក្រហមមានជីជាតិ មានរយៈកម្ពស់ខ្ពស់ លក្ខខណ្ឌអាកាសធាតុត្រជាក់សមស្រប ដែលអំណោយផលដល់ការលូតលាស់បានល្អ មានគុណភាព រសជាតិ និងទទួលបានទិន្នផលខ្ពស់។


លោកស្រីបន្តថា សម្ភារសម្រាប់ផ្តល់ជូនបងប្អូនប្រជាកសិករមាន មួក អៀមដាក់ផ្លែហ្វេ និងសានូរការពារជង្គង់ ។ ដូចនេះ ប្រជាកសិកររបស់យើងមានសម្ភារ បច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងការប្រមូលផលនៅក្នុងឆ្នាំ២០២៦ នេះ បានគ្រប់គ្រាន់ និងសមស្របតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យការប្រមូលផលកាន់តែមានភាពល្អប្រសើរ ។


យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ផ្ទៃដីដាំដុះដំណាំកាហ្វេក្នុងខេត្ត មានសរុបចំនួន ៦២៧ហិកតា ផ្ទៃដីប្រមូលផល សរុបចំនួន ៥១៥ ហិកតា ហើយទិន្នផលមធ្យមចំនួន ២.៤៥តោនក្នុងមួយហិកតា បរិមាណផលសរុបចំនួន ១,២៦៥តោន ៕












 

Powered by Blogger.