ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
រាប់ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំ
គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ការអប់រំ
គឺជាគន្លឹះដ៏ចាំបាច់ក្នុងការបណ្តុះបណ្តាលធនធានដែលមានសមត្ថភាពខាងចំណេះ
និងជំនាញឈានទៅកសាងជីវភាពគ្រួសារ រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ
និងជំរុញដល់កិច្ចអភិវឌ្ឍ។
របាយការណ៍របស់សាកលវិទ្យាល័យ បានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលបានសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧៣ អង្គ/នាក់ មាននារី១ ២៥៧នាក់ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២២-២០២៣ និង២០២៣-២០២៤កន្លងទៅនេះ។ ក្នុងនោះ មាននិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៤នាក់ នារី ២២នាក់៕

Post a Comment