កម្ពុជា តវ៉ាយ៉ាងខ្លាំងបន្ថែមទៀត បន្ទាប់ពីភាគីថៃ បានលើកដងទង់ជាតិ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានលើកដងទង់ជាតិ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា «រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន»។

ប្រភពដដែល បន្ដថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានលើកដងទង់ ជាតិ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះគឺជាករណីមួយទៀត ដែល ថៃប្រើប្រាស់ការដាក់ទង់ជាតិ ដើម្បីកាន់កាប់ដោយខុសច្បាប់នៃទឹកដីរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

សកម្មភាពនេះ ក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង ចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែនក ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹង មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ៕





Powered by Blogger.