កម្ពុជា-បារាំង បើកវគ្គហ្វឹកហ្វឺននាយទាហានសេនាធិការ UN និយាយភាសាបារាំង លើកទី១ នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានធ្វើជាម្ចាស់ផ្ទះជាលើកដំបូង បើកវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការសហប្រជាជាតិ និយាយភាសាបារាំង សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។ វគ្គហ្វឹកហ្វឺននេះបានធ្វើឡើងក្រោមការទ្វេភាគីរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសបារាំង។
ពិធីបើកវគ្គហ្វឹកហ្វឺនធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane RICHOU) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិ ប្រទេសបារាំង និងលោក ហ្គោលឡាឌីយ៉ូ ប៊ីអេ តំណាងអគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សម រតនា អនុប្រធានទី១
គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិ បានបញ្ជាក់ថា
ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២៦ សាធារណរដ្ឋបារាំង
បានបើកវគ្គហ្វឹកហ្វឺននាយទាហានសេនាធិការអង្គការសហប្រជាជាតិ និយាយភាសាបារាំង
នៅប្រទេសចំនួន ៦លើករួចមកហើយ។ ចំពោះវគ្គហ្វឹកហ្វឺនលើកទី៧
ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការជួយគាំទ្រឧបត្ថម្ភពីសាធារណរដ្ឋបារាំង
គឺជាវគ្គហ្វឹកហ្វឺនលើកទី១ ដែលសាធារណរដ្ឋបារាំង រៀបចំនៅក្រៅប្រទេសក្នុងតំបន់៕







Post a Comment