នាយករដ្ឋមន្ត្រីស្លូវ៉ាគី ថា អ្នកនយោបាយលោកខាងលិចមួយចំនួន កំពុងចង់ឱ្យមានសង្គ្រាមរវាងរុស្ស៊ី និង NATO
ប្រាទីស្លាវ៉ា៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បាននិយាយ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ថា អ្នកនយោបាយលោកខាងលិចមួយចំនួន កំពុងស្វែងរកការបង្កជម្លោះរវាង NATO និងរុស្ស៊ី បន្ទាប់ពីយុទ្ធសាស្ត្រដែលលោកចាត់ទុកថា «បរាជ័យ» ក្នុងការយកឈ្នះទីក្រុងមូស្គូក្នុងសង្គ្រាមនៅអ៊ុយក្រែន។
លោក Fico ដែលជាមេដឹកនាំស្លូវ៉ាគីកាន់អំណាចយូរឆ្នាំ
និងបានបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី
ហើយបដិសេធផ្តល់ជំនួយយោធាដល់អ៊ុយក្រែន បាននិយាយនៅសប្តាហ៍នេះថា
អឺរ៉ុបកំពុងខិតកាន់តែជិតជាងពេលណាៗទាំងអស់ ទៅរកការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ
ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនឹងការលើកឡើងបែបនេះ មេដឹកនាំអឺរ៉ុបមួយចំនួន
ដូចជាបារាំងនិងប៉ូឡូញ
ទើបតែបានព្រមានអំពីការវាយប្រហារបែបសង្រ្គាមកូនកាត់របស់រុស្ស៊ី។
ក្នុងសារជាវីដេអូមួយ លោក Fico
បាននិយាយថា «ពួកយើងកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិត»
ស្របពេលដែលលោកខាងលិច «ប្រឹងចាក់សាំងបន្ថែមលើភ្លើង»
តាមរយៈការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ដែលលោកមើលឃើញថា
មិនទទួលបានលទ្ធផលអ្វីឡើយ។ លោក Fico បាននិយាយក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមដូច្នេះថា
«ការបរាជ័យនៃយុទ្ធសាស្ត្រដើម្បីបំផ្លាញរុស្ស៊ីតាមរយៈសង្គ្រាមនៅអ៊ុយក្រែន
បានធ្វើឱ្យអ្នកនយោបាយលោកខាងលិចមួយចំនួនជឿថា
ប្រសិនបើគោលដៅមិនអាចសម្រេចបានតាមរយៈកងទ័ពអ៊ុយក្រែន និងការគាំទ្រពេញទំហឹងទេនោះ
គឺពួកគេត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីបង្កឱ្យមានជម្លោះរវាង NATO និងរុស្ស៊ី»។
លោកនាយករដ្ឋមន្រ្តីស្លូវ៉ាគី បានបន្តថា
សង្គ្រាមនៅអ៊ុយក្រែនមិនមែនជាសង្គ្រាមរបស់ស្លូវ៉ាគី ឬរបស់ NATO
នោះទេ ប៉ុន្តែលោកបានបន្ថែមថា «អ្នកគាំទ្រសង្គ្រាមមួយចំនួននៅក្នុង
NATO កំពុងព្យាយាមដោយមិនខ្វល់ពីតម្លៃដែលត្រូវខាតបង់
ដើម្បីបង្វែរសង្គ្រាមនេះឱ្យក្លាយជាជម្លោះរវាងរុស្ស៊ី និង NATO»។ កាលពីដើមសប្តាហ៍នេះ លោក Fico ក៏បានព្រមានដែរថា
ករណីយន្តហោះដ្រូនបំពានចូលដែនអាកាស
អាចនាំឱ្យមានការអនុវត្តមាត្រាស្តីពីការការពាររួមរបស់ NATO ហើយលោកចង់រារាំងស្លូវ៉ាគី
ដែលមានព្រំដែនជាប់អ៊ុយក្រែន និងជាសមាជិកសម្ព័ន្ធយោធា NATO មិនឱ្យក្លាយជាផ្នែកមួយនៃជម្លោះប្រដាប់អាវុធ។
លោកបាននិយាយកាលពីថ្ងៃសៅរ៍ថា ការបង្កើតលេសដើម្បីចាប់ផ្តើមសង្គ្រាមគឺជារឿងងាយស្រួល
ហើយលោកបានបញ្ជាក់ជាថ្មីថា ស្លូវ៉ាគីនឹងមិនបញ្ជូនទាហានទៅប្រយុទ្ធដោយផ្អែកលើ «លេសដែលប្រឌិតឡើង» នោះឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel
Macron បាននិយាយកាលពីថ្ងៃសុក្រថា
រុស្ស៊ីកំពុងបង្កើនយុទ្ធនាការវាយប្រហារបែបសង្គ្រាមកូនកាត់ប្រឆាំងនឹងអឺរ៉ុប
ហើយលោកបានលើកឡើងពីការប៉ុនប៉ងវាយប្រហារដោយដ្រូន នៅអាកាសយានដ្ឋាន Leipzig កាលពីក្នុងខែសីហា ដែលរដ្ឋាភិបាលអាល្លឺម៉ង់
បានសន្និដ្ឋានថាគឺរុស្ស៊ីនៅពីក្រោយ
ជាភស្តុតាងបង្ហាញពីការផ្លាស់ប្តូរប្រែប្រួលលក្ខណៈនៃការឈ្លានពានរបស់រុស្ស៊ី។
រីឯនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍
ដោយយោងតាមប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ថា
រុស្ស៊ីមានផែនការបើកការវាយប្រហារដោយដ្រូននិងមីស៊ីល បែបសង្គ្រាមកូនកាត់
ទៅលើប្រទេសនានាដែលគាំទ្រអ៊ុយក្រែន៕ ប្រភព៖ Reuters

Post a Comment