កូរ៉េខាងជើង ច្រានចោលការអះអាងរបស់កូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីននៅតំបន់ DMZ
សេអ៊ូល៖ លោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានច្រានចោលការអះអាងរបស់កូរ៉េខាងត្បូងដែលថាកូរ៉េខាងជើងជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនកាលពីសប្ដាហ៍មុនដែលបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។
ប្រតិកម្មរបស់លោកស្រី គីម
កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kang
Shin-chul បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាក្រោយការស៊ើបអង្កេត
កូរ៉េខាងត្បូងបានរកឃើញថាគ្រាប់មីនដែលផ្ទុះនៅឯតំបន់ព្រំដែនគ្មានយោធាកាលពីសប្ដាហ៍មុន
គឺជាគ្រាប់មីនរបស់កូរ៉េខាងជើង។
តាមលោក Kang Shin-chul ការផ្ទុះគ្រាប់មីននេះជាទង្វើបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកូរ៉េទាំង
២ ហើយថាកូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ។ នៅថ្ងៃពុធនេះដែរ យោធាកូរ៉េខាងត្បូងបានបន្តទាមទារឱ្យកូរ៉េខាងជើងសូមទោស
ជុំវិញឧបទ្ទហេតុផ្ទុះគ្រាប់មីន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ
KCNA
នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន
គឺលោកស្រី គីម
យ៉ូជុងបានលើកឡើងថាការអះអាងរបស់កូរ៉េខាងត្បូងជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធា
(DMZ) គឺជារឿងមិនពិត
ហើយថាសេអ៊ូលបានប្រឌិតភស្តុតាងឡើងដើម្បីចោទប្រកាន់កូរ៉េខាងជើង។
យ៉ាងណាក៏ដោយ លោកស្រី គីម
បាននិយាយថាការចោទប្រកាន់របស់កូរ៉េខាងត្បូងគ្រាន់តែជាលេសមួយដើម្បីបង្ករឿងនយោបាយ
និងយោធាប្រឆាំងនឹងកូរ៉េខាងជើងតែប៉ុណ្ណោះ។
សូមជម្រាបថា ហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២
កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ បានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់
ក្នុងនោះមានម្នាក់ដាច់ជើងម្ខាង។
ហេតុការណ៍ដូចគ្នានេះក៏ធ្លាប់បានកើតឡើងផងដែរកាលពីឆ្នាំ២០១៥
ដោយនៅកាលណោះទាហានកូរ៉េខាងត្បូង២នាក់ បានរងរបួស ធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់ដាច់ជើងទាំងសងខាងក្នុងការផ្ទុះគ្រាប់មីនមួយគ្រាប់នៅឯប៉ែកខាងត្បូងនៃតំបន់ព្រំដែនគ្មានយោធា៕ ប្រភព៖ AFP

Post a Comment