ត្រាំ ច្រានចោលរឿងបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ ខណៈក្រុងតេអេរ៉ង់ថាត្រៀមខ្លួនចរចា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលសេចក្ដីរាយការណ៍ព័ត៌មានដែលថា លោកត្រៀមបន្ធូរបន្ថយទណ្ឌកម្ម និងដោះលែងប្រាក់បង្កកជាថ្នូរនឹងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលោកបញ្ជាក់ថា លោក «មិនបានផ្ដល់អ្វីទាំងអស់» ដើម្បីបញ្ចប់សង្គ្រាម។
នៅលើបណ្តាញសង្គម Truth
Social កាលពីថ្ងៃចន្ទ លោក ត្រាំ បានសរសេរថា «រឿងនេះមិនពិតទេ។ ខ្ញុំមិនបានផ្ដល់អ្វីឱ្យពួកគេឡើយ»។
ការចេញមុខច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Axios និង
CNN បានស្រង់សម្ដីមន្ត្រីអាមេរិកមកចុះផ្សាយថា លោក ត្រាំ
ត្រៀមបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើក្រុងតេអេរ៉ង់បង្ហាញ «វឌ្ឍនភាពជាក់ស្ដែង»
លើបញ្ហានុយក្លេអ៊ែរ ខណៈលោក ត្រាំ ធ្លាប់បានលើកឡើងថា
ការរារាំងអ៊ីរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរ គឺជាគោលដៅចម្បងនៃសង្គ្រាមនេះ។
ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ
ពេហ្សេសគីយ៉ាន (Masoud Pezeshkian) បានថ្លែងប្រាប់ទូរទស្សន៍
CBS ថា ក្រុងតេអេរ៉ង់ត្រៀមខ្លួនចរចាលើបញ្ហានុយក្លេអ៊ែរ
និងបញ្ហាផ្សេងទៀត ប៉ុន្តែនឹងមិនទទួលយក «ការគំរាមកំហែង
ឬការបង្ខិតបង្ខំ» ឡើយ។ លោកបន្ថែមថា
អ៊ីរ៉ង់មិនចង់បានសង្គ្រាមទេ តែនឹងការពារខ្លួនពីសម្ពាធនានា
ហើយអ៊ីរ៉ង់ក៏គ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះដែរ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក
អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានបញ្ជាក់ថា
មានតែការចរចាការទូតប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន ហើយការបើកច្រកសមុទ្រហ័រមូស (Hormuz)
ឡើងវិញ គឺអាស្រ័យលើការបំពេញតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់។ យ៉ាងណាក្ដី លោក
ត្រាំ បានច្រានចោលផែនការនេះរួចទៅហើយ ដោយលើកឡើងថា អ៊ីរ៉ង់ចង់បើកច្រកសមុទ្រនេះឡើងវិញជាបន្ទាន់
ដោយសារតែខ្លួនកំពុងចាញ់សង្គ្រាមយ៉ាងដំណំ។
សូមជម្រាបថា ដំណាលគ្នានេះ តំណាងអាមេរិក
និងអ៊ីរ៉ង់ ក៏បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយក្រុមអ្នកសម្របសម្រួល
ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលបានអូសបន្លាយរយៈពេល ៧ ខែមកនេះ៕ ប្រភព៖ Reuters

Post a Comment