រុស្ស៉ី ព្រមានប្រទេសលីទុយអានី ប្រសិនបើទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
មូស្គូ៖ ប្រទេសរុស្ស៉ីបានព្រមាននៅថ្ងៃសុក្រថា ខ្លួននឹងតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅរកប្រទេស លីទុយអានី (Lithuania) ប្រសិនបើរដ្ឋនៅតំបន់បាល់ទិកមួយនេះ ទទួលឱ្យមានការដាក់ពង្រាយអាវុធចេញពីឃ្លាំងនុយក្លេអ៊ែររបស់បណ្តាសម្ព័ន្ធមិត្តនៃអង្គការណាតូ (NATO) នៅលើទឹកដីរបស់ខ្លួន។
ការព្រមាននេះ កើតឡើងចំពេលដែលប្រទេសលីទុយអានី
កំពុងរៀបចំវិសោធនកម្មដើម្បីលុបចោលបម្រាមក្នុងរដ្ឋធម្មនុញ្ញ
ចំពោះការស្តុកទុកអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស
ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងសន្តិសុខការពារជាតិរបស់ខ្លួន
ចំពេលដែលរុស្ស៉ីកំពុងបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន។
សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យអនុម័តដោយសភាជាតិលីទុយអានី
ដែលទាមទារសំឡេងគាំទ្រភាគច្រើនពីរភាគបី ហើយទទួលបានការគាំទ្រពីប្រធានាធិបតី
និងគណបក្សធំៗ ដោយអាចនឹងចូលជាធរមានក្នុងរដូវរងានេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ីថា ផែនការនេះនឹងក្លាយជា «ចំណុចរបត់ដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងការបង្កើនភាពតានតឹង»។ លោកបានសង្កត់ធ្ងន់ដូច្នេះថា «ប្រសិនបើមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីនោះ
ដែលតម្រង់មកលើពួកយើង នោះទឹកដីនៃប្រទេសនោះ
នឹងធ្លាក់ចូលទៅក្នុងគោលដៅតម្រង់ចំនៃអាវុធនុយក្លេអ៊ែររបស់យើងដូចគ្នា»។
សូមជម្រាបថា កាលពីខែកក្កដាកន្លងទៅ
ប្រធានាធិបតីលីទុយអានី លោក Gitanas Nausėda បានប្រកាសពីផែនការនេះ
ដោយបានបញ្ជាក់ថា ប្រទេសរបស់លោកចង់ក្លាយជា «ផ្នែកមួយដែលមិនអាចខ្វះបាននៃយន្តការកំញើញនុយក្លេអ៊ែរនេះ»
ដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខក្នុងតំបន់៕

Post a Comment