សម្តេចធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា នាឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល
និងការយោគយល់គ្នានេះ
សម្ដេចប្រធានរដ្ឋសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះវត្តមានរបស់
ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់។
សម្ដេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ថា
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់
ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧១ នៃទំនាក់ទំនងការទូតផ្លូវការ
(១៩៥៥-២០២៦)។
សម្ដេចរដ្ឋសភាធិបតីបានគូសរំលេចថា
ចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា មានឫសគល់យ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្រ វប្បធម៌
និងជំនឿព្រះពុទ្ធសាសនាដូចគ្នា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត
ការគោរពឯករាជ្យ អធិបតេយ្យ និងមិនមានការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក
ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។
សម្ដេចមហារដ្ឋសភាធិការធិបតី
បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋសភាកម្ពុជា
ចំពោះលទ្ធផលនៃកិច្ចពិភាក្សា រវាងសម្ដេចតេជោហ៊ុនសែន
ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
ក៏ដូចជាលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត និងឯកឧត្តម មីន
អោងឡាំង ដោយមានការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០៤
រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីព្រឹកមិញ។
ឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗទាំង ០៤ នោះរួមមាន៖
ទី១៖
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
ទី២៖
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ
និងការការពារទៅវិញទៅមកនៃវិនិយោគ។
ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀង
ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌
និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌ សណ្ឋាគារ និងទេសចរណ៍
នៃរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ទី៤៖ អនុស្សរណៈនៃការយោគយល់គ្នា
រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
សម្ដេចប្រធានរដ្ឋសភា បានគូសរំលេចថា
លិខិតូបករណ៍គតិយុត្តទាំងនេះនឹងក្លាយជាកម្លាំងចលករដ៏មានសារៈសំខាន់
ក្នុងការជម្រុញពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងបង្កើនការផ្លាស់ប្ដូរវប្បធម៌
ទេសចរណ៍ ព័ត៌មាន
និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួតទ្វេឡើង។
ក្នុងតួនាទីជាស្ថាប័នតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋ
សម្ដេចប្រធានរដ្ឋសភា បានលើកឡើងស៊ីជម្រៅអំពីតួនាទីស្នូលនៃ «ការទូតសភា» ដែលដើរតួជាកម្លាំងចលករដ៏សំខាន់ក្នុងការបំពេញបន្ថែមឱ្យការទូតនីតិប្រតិបត្តិ
ពោលគឺនៅពេលដែលទំនាក់ទំនងកម្រិតនីតិប្រតិបត្តិជួបប្រទះភាពស្មុគស្មាញ ឬរាំងស្ទះ
ការទូតសភាអាចបើកច្រកសន្ទនា ដើម្បីស្វែងរកដំណោះស្រាយរួមប្រកបដោយភាពបត់បែន។ ក្នុងន័យនេះ
សម្ដេចបានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែស៊ីជម្រៅ
តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់
និងគណៈកម្មការជំនាញនានារបស់សភា
ការបង្កើនសកម្មភាពរបស់ក្រុមមិត្តភាពសភាកម្ពុជា-មីយ៉ាន់ម៉ា ការលើកកម្ពស់តួនាទីរបស់សមាជិកសភាវ័យក្មេង
និងសមាជិកសភាជាស្ត្រី ព្រមទាំងការពង្រឹងសមត្ថភាព
និងផ្លាស់ប្ដូរបទពិសោធន៍រវាងអគ្គលេខាធិការដ្ឋាននៃរដ្ឋសភាទាំងពីរ។
ទន្ទឹមនឹងនេះ សម្ដេចមហារដ្ឋសភាធិការធិបតី
បានចែករំលែកទស្សនទានដ៏មានតម្លៃអំពី «គុណតម្លៃនៃសន្តិភាព»
ដោយផ្អែកលើមេរៀន និងបទពិសោធន៍ជាក់ស្ដែងដែលកម្ពុជាធ្លាប់បានឆ្លងកាត់។
សម្ដេចបានគូសបញ្ជាក់យ៉ាងច្បាស់ថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ»
ហើយសង្គ្រាមកើតឡើងមានតែអ្នកចាញ់និងអ្នកចាញ់ប៉ុណ្ណោះ
ដោយក្នុងនោះស្ត្រី និងកុមារគឺជាជនរងគ្រោះធ្ងន់ធ្ងរជាងគេ។ បើគ្មានសុខសន្តិភាព
និងស្ថិរភាពនយោបាយពេញលេញទេ នោះការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅ ការអប់រំ
និងការការពារសម្បត្តិបេតិកភណ្ឌជាតិ ក៏មិនអាចសម្រេចទៅបានដែរ។ ដូច្នេះ
មានតែការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិប៉ុណ្ណោះ
ទើបអាចនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិពិតប្រាកដ។ លើសពីនេះ
សម្ដេចបានសម្ដែងនូវសេចក្ដីសង្ឃឹមថា
មីយ៉ាន់ម៉ានឹងអាចដើរតួនាទីកាន់តែសកម្មនៅក្នុងសហគមន៍អាស៊ាន
ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពទូទាំងតំបន់។ ឆ្លៀតក្នុងឱកាសនោះ
សម្ដេចក៏បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ា ចំពោះការគាំទ្រ និងការបញ្ជូនថ្នាក់ដឹកនាំសភាមកចូលរួមកិច្ចប្រជុំអន្តរសភានានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក
ព្រមទាំងការគាំទ្រដល់ដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង
ប្រធានាធិបតីមីយ៉ាន់ម៉ា បានសម្ដែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ច
និងការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតពីសំណាក់ សម្ដេចប្រធានរដ្ឋសភា
ក៏ដូចជាការរៀបចំទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះរបស់សម្តេចតេជោ សម្តេចបវរធិបតី
និងប្រជាជនកម្ពុជាទាំងអស់។
ឯកឧត្តមក៏បានសម្ដែងការអបអរសាទរចំពោះ
សម្ដេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីដំបូងគេបង្អស់បានកាន់តំណែងជាប្រធានរដ្ឋសភាកម្ពុជា
ព្រមទាំងបានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យនយោបាយ
ក្នុងនោះសម្រាប់ប្រទេសមីយ៉ាន់ម៉ាក៏លើកកម្ពស់តួនាទីស្រ្តី
ដោយមានអនុប្រធានាធិបតីស្រ្តីរបស់ខ្លួនដូចគ្នាដែរ។
ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការបន្តថែរក្សា
និងពូនជ្រំចំណងមិត្តភាពជាប្រពៃណី ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
សេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន, កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ
ក្រុមមិត្តភាព ស្រ្តី និងយុវជន។
ឯកឧត្តម មីន អោងឡាំង
ក៏បានសម្ដែងការឯកភាពទាំងស្រុងចំពោះទស្សនទានស្ដីពីសន្តិភាព ដោយបានគូសបញ្ជាក់ថា
មីយ៉ាន់ម៉ាកំពុងខិតខំប្រឹងប្រែងដើម្បីស្ដារសន្តិភាព ស្ថិរភាព និងឯកភាពជាតិឡើងវិញ
ហើយកម្ពុជាគឺជាប្រទេសគំរូដ៏សំខាន់មួយក្នុងការចែករំលែកមេរៀនបទពិសោធន៍នៃការស្វែងរកសន្តិភាព
និងការអភិវឌ្ឍ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានាធិបតី បានគោរពអញ្ជើញ
សម្ដេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ក្នុងពេលវេលាសមស្របណាមួយខាងមុខ ដែលភាគីទាំងពីរនឹងបន្តសម្របសម្រួលតាមយន្តការការទូតជាបន្តបន្ទាប់៕









Post a Comment