ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការប្រើគ្រាប់បែកចង្កោមរបស់ថៃ មកលើទឹកដីកម្ពុជា ជាការវាយប្រហារលើស្មារតី និងព្រលឹង នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម
វៀងចន្ទន៍៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួម កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tamar Gabelnick នាយិកាយុទ្ធនាការអន្តរជាតិហាមឃាត់មីនប្រឆាំងមនុស្ស–សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម (ICBL-CMC)។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
បានបញ្ជាក់ប្រាប់ នាយិកា ICBL-CMC ថា
ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា
គឺជាការវាយប្រហារលើស្មារតីនិងព្រលឹងនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម
និងជាការថយក្រោយចំពោះការប្តេជ្ញាចិត្តជាសកលក្នុងការប្រឆាំងនឹងអាវុធដ៏គ្រោះថ្នាក់នេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា
សកម្មភាពនេះមិនត្រឹមតែបង្កការគំរាមកំហែងថ្មីដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ
និងការតស៊ូមតិរបស់ ICBL-CMC ក្នុងការលុបបំបាត់គ្រាប់បែកចង្កោមទូទាំងពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
បានស្នើឱ្យ ICBL-CMC បន្តបង្កើនការតស៊ូមតិ
និងបញ្ចេញសំឡេងប្រឆាំងយ៉ាងច្បាស់លាស់
ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមនៅគ្រប់ទីកន្លែង ដើម្បីការពារជីវិតប្រជាពលរដ្ឋ
និងរក្សាស្មារតីមនុស្សធម៌នៃអនុសញ្ញា៕

Post a Comment