ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល នៅតែបន្តការងារ ការទូតយ៉ាងសកម្ម និងរស់រវើក ការពារទឹកដី
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តការងារ ការទូតយ៉ាងសកម្ម និងរស់រវើក ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះអង្គបានមានព្រះរាជបន្ទូល ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ឯកឧត្តមអ្នកនាំពាក្យ បន្តថា ក្រៅពីបេសកកម្មចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមតំបន់ព្រំដែនដែលកងកម្លាំងថៃបានដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងពិនិត្យមើលស្ថានភាពជនភៀសសឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី«បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមបញ្ជាក់ថា “នេះគឺជាជ្រុងមួយទៀតនៃសកម្មភាពការងារការទូតដ៏សកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន នៅក្នុងបរិបទនៃការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ នៅតាមបណ្តោយព្រំដែន” ។
ឯកឧត្តម ប៉ែន បូណា បន្ថែមថា សកម្មភាពការទូតទាំងអស់នេះ បានសបញ្ជាក់យ៉ាងច្បាស់ ពីជំហរដ៏ច្បាស់លាស់ និងម៉ឺងម៉ាត់របស់កម្ពុជា ដែលប្តូរផ្តាច់ការពារខ្សែបន្ទាត់ព្រំដែន អន្តរជាតិ រវាងកម្ពុជា-ថៃ ដែលត្រូវបានទទួលស្គាល់រួចហើយ ដោយកម្ពុជា មិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយដោយប្រើកម្លាំង ៕

Post a Comment